ព័ត៌មានជាតិ

មានជំងឺប្រចាំកាយ ចុះមុជទឹកលង់ស្លាប់

កណ្ដាលៈ សាកសពបុរសម្នាក់ ត្រូវគេប្រទះឃើញអណ្ដែតទឹកកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកដៃទន្លេបាសាក់កោះថ្មី ស្ថិតក្នុង ភូមិកោះថ្មីឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល។

សាកសពមានឈ្មោះ ង៉ែត ចុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ (ក)ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមឈ្មោះ នៅ លី ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា រយៈកាលកន្លងមកជនរងគ្រោះ មានជំងឺប្រចាំកាយ (លើសឈាម) តែងតែវិលមុខ ស្រវ៉ាំងភ្នែកជាប្រចាំ ក្រុមគ្រួសារបានយកទៅព្យាបាលតែពុំជា លុះនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង៤និង៤០នាទីល្ងាច ជនរងគ្រោះបានទៅ​ងូតទឹកនៅមាត់កំពង់មុខផ្ទះ បន្តិចក្រោយមកមានក្មេងៗក្នុងភូមិរត់មកប្រាប់ ប្រពន្ធជនរងគ្រោះថា ជនរងគ្រោះដួលរមៀលធ្លាក់ទឹកហើយ ភ្លាមនោះប្រពន្ធជនរងគ្រោះនឹងអ្នកជិតខាងបាននាំគ្នាទៅមាត់កំពង់រួចចុះរាវរកតែរកពុំឃើញ។ រហូតដល់ម៉ោង១រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ទើបឃើញសពអណ្តែតទឹក រួចរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយ​ពីបានទទួលព័ត៌មានផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹងឃាតកម្មឡើយ ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយការពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់