ភ្នំពេញៈ គ្រោះមហន្តរាយធម្មជាតិ នៅក្នុងរយៈពេលតែ៤ខែ ដើមឆ្នាំ២០១៦ បានសម្លាប់ពលរដ្ឋកម្ពុជា ចំនួន២៣នាក់ និងរបួស១៦នាក់ គិតត្រឹមសប្ដាហ៍ទី១ នៃខែឧសភានេះ។ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដោយសាររន្ទៈ។
ទីភ្នាក់ងារព័ត៌មាន AKP របស់រដ្ឋ បានចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា គិតចាប់ពីខែមករា រហូតមកដល់សប្តាហ៍ទី១ នៃខែឧសភា ខ្យល់ព្យុះបានសម្លាប់ពលរដ្ឋ៧នាក់ និងរងរបួស៧១នាក់។ ចំណែកគ្រោះរន្ទៈបាញ់វិញ បានសម្លាប់មនុស្ស១៥នាក់ និងរបួស១៦នាក់ ព្រមទាំងងាប់គោ-ក្របីចំនួន១២ក្បាល។ គ្រោះមហន្ដរាយដោយខ្យល់ព្យុះបានកើតឡើងចំនួន៨៥លើក ក្នុងរាជធានី-ខេត្តចំនួន២០ ដែលបង្កឲ្យផ្ទះខូចខាតធ្ងន់ធ្ងរចំនួន៤៧៣ខ្នង និងផ្ទះខូចខាតជាមធ្យមចំនួន២៤៣៣ខ្នង។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះថ្នាក់ដោយរន្ទៈនេះ គឺបណ្តាលមកពីការប្រែប្រួលធាតុអាកាសច្រើន ព្រោះនៅពេលដែលមានព្យុះភ្លៀងម្តងៗ គឺបាននាំមកនូវខ្យល់ និងរន្ទៈមកជាមួយគ្នា ដែលងាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលភាគច្រើនពួកគាត់មិនទាន់មានការយល់ដឹង និងមិនចេះពីរបៀបបង្ការទប់ស្កាត់ កុំឲ្យមានគ្រោះថ្នាក់ដោយសាររន្ទៈ។ លោកបន្តថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋ ត្រូវចេះបង្ការគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិរន្ទៈនេះដោយខ្លួនឯង។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គ្រោះថ្នាក់ដោយរន្ទៈនេះ អាចធ្វើឲ្យមនុស្សទទួលរងគ្រោះថ្នាក់ស្រាលធ្ងន់ និងរហូតដល់បាត់បង់ជីវិត ហើយនៅពេលដែលឃើញមានអ្នករងគ្រោះដោយសាររន្ទៈនេះ ជាដំបូងត្រូវធ្វើការសង្រ្គោះជាបឋម តាមរយៈការធ្វើចលនាបេះដូងដល់ជនរងគ្រោះ និងប្រញ៉ាប់ប្រញ៉ាល់បញ្ជូនទៅមន្ទីរពេទ្យ។
លោក កែវ វី ក៏បានណែនាំឲ្យប្រជាពលរដ្ឋ បង្ការគ្រោះធម្មជាតិដោយសាររន្ទៈ ដោយត្រូវបិទទូរស័ព្ទ វិទ្យុ និងទូរទស្សន៍ នៅពេលដែលមានភ្លៀងធ្លាក់ ហើយនៅពេលភ្លៀង ត្រូវស្ថិតនៅឲ្យបានចម្ងាយពី៣ ទៅ៤ម៉ែត្រ ពីក្រោមដើមឈើ ជៀសវាងការឆ្លងចរន្តអគ្គិសនីនៅពេលដែលមានរន្ទៈ៕
មតិយោបល់