ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សប្ដាហ៍ក្រោយ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នឹងប្រែមុខមាត់ថ្មី

ភ្នំពេញៈ នៅយប់ថ្ងៃទី១៩ ខែឧសភា សប្ដាហ៍ក្រោយ លោក ឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នឹងត្រូវចេញទៅបំពេញបេសកម្មជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលលោកអះអាងថា ជាកិច្ចការដំបូងរបស់លោកក្នុងវិស័យការទូត។

តាមទំហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌីម៉ង់ ចេញផ្សាយមុននេះបន្តិច បានឲ្យដឹងថា នៅមានការងារជាច្រើនកំពុងរង់ចាំស្វាគមន៍លោក មានទាំងរឿងល្អ និងរឿងមិនល្អ ប៉ុន្តែទោះជាយ៉ាងណា លោកថា នឹងខិតខំព្យាយាមបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។

លោក ឡុង ឌីម៉ង់ សរសេរថា “ខ្ញុំនឹងចាកចេញពីមាតុប្រទេសដើម្បីទៅបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ ដែលជាកិច្ចការដំបូងរបស់ខ្ញុំក្នុងវិស័យការទូត នាយប់ថ្ងៃទី19 ឧសភា ខាងមុខនេះហើយ។ កិច្ចការងារជាច្រើនកំពុងរង់ចាំស្វាគមន៏ខ្ញុំ ទាំងរឿងល្អនិងរឿងមិនទាន់ល្អ ដែលនៅទីនោះហើយខ្ញុំនឹងខឹតខំព្យាយាមបំពេញភារកិច្ចដែលព្រះមហាក្ស័ត្រ សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រគល់សេចក្តីទុកចិត្តមកលើរូបខ្ញុំ ធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៏ជាតិ និងប្រជាជនយើងឲ្យបាន”

គួរជម្រាបថា លោក ឡុង ឌីម៉ង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីឯកអគ្គរាជទូតចាស់ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការកឹបកេងប្រយោជន៍យ៉ាងច្រើនក្នុងតួនាទីរបស់លោក៕

10649440_10153371287048421_5541599734500252393_n l8L L2 L4

មតិយោបល់