ព័ត៌មានជាតិ

លួចជ្រកក្រោមស្លាកសញ្ញាឆ្នោតជាតិខ្មែរ បែរជាបើកកត់ឆ្នោតវៀតណាម ត្រូវសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាម មួយកន្លែង ដែលជ្រកក្រោមស្លាកសញ្ញាឆ្នោតខ្មែរ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់ និងដកហូតឧបករណ៍សម្រាប់បំរើការកាត់ឆ្នោតមួយចំនួន កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ដែលនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០៧ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង ស៊ុនផេង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កត់កន្ទុយលេខ (កត់កន្ទយលេខវៀតណាម) ដែលនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០៧ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងកិច្ចការប្រតិបត្តិការនេះ សមត្ថកិច្ចយើង សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាម ដោយជ្រកក្រោមស្លាកសញ្ញាឆ្នោតខ្មែរ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតក្រដាស់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខ១,ប៊ិចចំនួន ៣ដើម, ក្រដាស់ចេញសារីឆ្នោតមួយចំនួន និងត្រាវាយថ្ងៃ ខែចំនួនមួយ។ ក្រោយមកពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើនេះ ទៅធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់