ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ម៉ម សូណង់ដូ ស្នើសុំសាលារាជធានីភ្នំពេញ ធ្វើបាតុកម្មសារជាថ្មី

ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ស្នើសុំធ្វើបាតុកម្មសារជាថ្មី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧ ដល់ម៉ោង១២ថ្ងៃត្រង់ នៅទីលានប្រជាធិបតេយ្យ។

បើតាមលិខិតរបស់លោក ម៉ម សូណង់ដូ ដែល Post News ទទួលបាននៅរសៀលថ្ងៃទី២០ ខែឧសភានេះ បានបង្ហាញឲ្យដឹងថា គោលបំណងនៃការធ្វើបាតុកម្មនេះ ដើម្បីសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ដកពាក្យបណ្ដឹង និងការចោទប្រកាន់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ លោក ម៉ម សូណង់ដូរ ដែលបានអះអាងថា ជាពលរដ្ឋម្នាក់ ធ្លាប់រងគ្រោះដោយភាពអយុត្តិធម៌នោះ បានស្នើសុំធ្វើការជួបជុំបាតុករនៅទីលានប្រជាធិបតេយ្យក្នុងចំនួនតិចជាង២០០នាក់។

គួរជម្រាបថា មន្ត្រីអង្គការសង្គមស៊ីវិល ចំនួន៤រូប គឺលោកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ១រូប គឺលោក នី ចរិយា កំពុងស្ថិតនៅក្នុងការជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី និងពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់អាដហុក និងលោកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតសិទ្ធិកុមារ និងស្ត្រី នៃសមាគម អាដហុក ត្រូវបានចោទពីបទ សូកប៉ាន់សាក្សី។ ចំណែកលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងលោក សឺន សាលី មន្ត្រីការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី៕

WhatsApp-Image-20160520 (1)photo_2016-05-20_15-29-23

មតិយោបល់