បាត់ដំបងៈ មានភាពរញ៉េរញ៉ៃមួយបានកើតឡើង បង្កការកកស្ទះចរាចរ ខណៈដែលកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក បានសហការជាមួយនឹងកម្លាំងក្រុមបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការចុះត្រួតពិនិត្យមួក និងកញ្ចក់១សុវត្ថិភាពនៅលើកំណាត់ផ្លូវជាតិលេខ៥ ហើយត្រូវបាន យុវជនម្នាក់ ទាញដំបងដេញវាយផ្អើលសមត្ថកិច្ច បន្ទាប់ពីបានចាប់ម៉ូតូរបស់គេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំនុចទីលានបាល់ទាត់វាលបែកចាន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយគេឃើញមានបុរសម្នាក់បានប្រើដំបងវាយមកលើសមត្ថកិច្ចក្រុមបង្ការ បង្ក្រាប នៃស្នងការខេត្ត ខណៈដែលកំពុងចុះប្រតិបត្តិការ និងបានសហការជាមួយសមត្ថកិច្ចចរាចរណ៍ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ស្របពេលកម្លាំងបង្ការ បង្ក្រាប កំពុងបំពេញភារកិច្ច ធ្វើការណែនាំឲ្យពលរដ្ឋចេះគោរពនូវច្បាប់ចរាចរណ៍ ដោយតម្រូវឲ្យប្រើប្រាស់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ផងនោះ ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូ ម៉ាកវីវ៉ា ពាក់ស្លាកលេខ បាត់ដំបង1G 8572 ដោយមិនពាក់មួកសុវត្ថិភាព និងអត់កញ្ចក់១ចំហៀង។
ប្រភពនៅទីនោះ បាននិយាយថា លុះនៅពេលដែលគេបានជិះម៉ូតូមកដល់ កម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ តែបែរជាបុរសខាងលើនេះមិនស្តាប់សមត្ថកិច្ច ព្រមទាំងគំរាម ជេរដៀល មកលើកម្លាំងសមត្ថកិច្ច រហូតដល់កើតរឿង ហើយបុរសរូបនោះ បានរត់ទៅរកបានដំបងមួយដើម ដេញវាយធ្វើឲ្យកម្លាំងសមត្ថកិច្ចរងរបួស២នាក់ និងកាន់ដំបងដើរកាងពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចរផងដែរ ។
ក្រោយពីបុរសរូបនេះ បានបង្ករឿង ជេរប្រមាថ និងវាយសមត្ថកិច្ច រហូតបង្កការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបងរួចមក សមត្ថកិច្ចក៏បាននាំគ្នាដេញចាប់ ដើម្បីនាំខ្លួនយកទៅសាកសួរ ទើបដឹងថា បុរសរូបនោះ មិនមែនវិកលចរិតទេ តែដោយសារអំណាចនៃជាតិស្រវឹងបានជ្រាបពេញខ្លួនផង និងជាមនុស្សញៀនថ្នាំផង ទើបគ្មានខ្លាចអ្វីទាំងអស់ ដោយនិយាយលែងដឹងខុសត្រូវទៅហើយ។
បុរសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្នសិនរង់ចាំ ការសាកសួរបន្ត លុះដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ទើបដឹងថា ជននេះមាន ឈ្មោះ ងិន ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាសក្រឡ ខេត្តបាត់ដំបង នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះមិនបាននិយាយអ្វីទេ ដោយធ្វើខ្លួនបែបឡីឡឺៗ ដាក់មុខចុះ ដើម្បីឲ្យសមត្ថកិច្ចអាណិត។
ក្រោយការស្រាវជ្រាវទើបសមត្ថកិច្ចដឹងថា បុរសរូបនេះជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មប្រចាំស្រុក គាស់ក្រឡថែមទៀតផង ដោយបច្ចុប្បន្នបុរសរូបនេះ គឺសមត្ថកិច្ចកំពុងសាកសួរបន្ត និងឆ្លងយោបល់ទៅលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តថា ត្រូវចាត់ការបែបណាបន្តចំពោះបុរសបង្កហិង្សាមកលើសមត្ថកិច្ចបែបនេះ៕
មតិយោបល់