កណ្ដាលៈ ប្អូនប្រុសបង្កើតរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត គឺលោក កែវ សុភា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តទៅបុកគល់ខ្វិត បណ្ដាលឲ្យស្លាប់ក្នុងរថយន្តតែឯង កាលពីវេលាម៉ោង១៖៣៥នាទី អធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មានមុខងារជាមន្ត្រីយោធា ឋានៈវរសេនីយ៍ឯក(ស័ក្ដិ៥) តួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងខេត្តកំពត ត្រូវជាប្អូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត។
មន្ត្រីនគរបាល បន្តឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា តាកូម៉ា (Toyota Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2489 បើកបរក្នុងល្បឿនលឿន ទិសដៅពីតាខ្មៅឆ្ពោះទៅខេត្តកំពត (ពីកើតទៅត្បូង) ជ្រុលទៅបុកគល់ខ្វិត បណ្ដាលឲ្យអ្នកបើកបរគៀបជាប់ក្នុងរថយន្តស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះបើកបរតែម្នាក់ឯង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានអូសរថយន្តជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកណ្ដាលស្ទឹង រង់ចាំសាច់ញាតិទៅទទួល។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត៕
https://youtu.be/rJ4W9FMHhks
មតិយោបល់