ភ្នំពេញៈ បុរសពីរនាក់ បើកម៉ូតូ១គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែងនៅម្ដុំផ្លូវចាក់សំរាម ដោយបើកម៉ូតូតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុត្រង់យានដ្ឋានមានជ័យ ក៏មានស្ទាវ១ក្រុម មានគ្នា៦-៧នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មកពីក្រោយស្ទាក់វាយបណ្ដាលរងរបួសធ្ងន់ម្នាក់ និងស្រា១នាក់។ ហេតុការណ៍ដេញវាយគ្នានេះ កើតឡើងនៅវេលាម៉ោង១២៖១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានចេញពីហាងផឹកស៊ីមួយកន្លែង នៅម្ដុំផ្លូវចាក់សំរាមចាស់ ដោយបើកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-9451 ពីលិចទៅកើតមានគ្នា២នាក់។ ខណៈមកដល់ចំណុចកើតខាងលើ ក៏លេចក្មេងស្ទាវ១ក្រុម មាន៣ម៉ូតូមិនចាំម៉ាកមានគ្នា៦ទៅ៧នាក់ ជិះមកពីក្រោយមកស្ទាក់ពីមុខដកខ្សែក្រវ៉ាត់ និងកៅអីដេញវាយ ធ្វើខ្លួនផ្ដួលម៉ូតូចោល រត់ចូលក្នុងយានដ្ឋានមានជ័យ។
ជនរងគ្រោះបន្តថា ក្រោយពីខ្លួនផ្ដួលម៉ូតូរត់ចូលយាន្តដា្ឋនហើយនោះ ក្រុមស្ទាវក៏នៅដេញវាយចូលដល់ខាងក្នុង ធ្វើឲ្យបុរសម្នាក់ បែកក្បាលហូរឈាមជោកពេញខ្លួន និងម្នាក់ទៀត បែកក្បាលរបួសស្រាល។ ក្រោយពីធ្វើសកម្មភាពហើយ ពួកគេបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកបានសួរនាំជនរងគ្រោះ និងបានឲ្យជនរងគ្រោះដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យនៅជិតនោះ និងម្នាក់ទៀតឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៕
មតិយោបល់