បាត់ដំបងៈ គេសង្កេតឃើញថា មានទំនិញជាច្រើនប្រភេទ ពិសេស គឺសត្វមាន់ ដែលដង្ខៅដ៏មានអំណាចកំពុងតែដឹកជញ្ជូននាំចូលពីប្រទេសថៃ មកកាន់កម្ពុជា តាមច្រករបៀងបានយ៉ាងរលូន ហើយភាគច្រើនសកម្មភាពនេះ គឺគេធ្វើឡើងតែក្នុងពេលយប់ ឬក៏រំលងអធ្រាត្រជាដើម ព្រោះងាយស្រួលមិនសូវមានអ្នករំខាន។
ប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនសត្វមាន់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា របស់ក្រុមហ៊ុនមួយដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះ ត្រូវបានគេដំណើរការតែក្នុងពេលយប់តែប៉ុណ្ណោះ ហើយម៉្យាងទៀត ច្បាប់របស់ក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យដឹកចូលតាមច្រកអន្តរជាតិដូង នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តែផ្ទុយទៅវិញ ក្រុមហ៊ុននេះ បានងាកមកដឹកចេញតាមច្រករបៀងវិញ ហើយថែមទាំងធ្វើសកម្មភាពដឹកជញ្ជូននៅពេលយប់ទៀត ដែលសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុននេះ កំពុងស្ថិតក្នុងភាពមិនប្រក្រតីហើយ។
ប្រភពដដែល បានបន្តថា ការដឹកជញ្ជូននៅពេលយប់ ដោយក្រុមហ៊ុនបានប្រើប្រាស់នូវប្រភេទរថយន្តយីឌុបភ្លៅ៥ធំៗ គឺចូលតាមច្រកភ្នំព្រះពុទ្ធ បានយ៉ាងរលូន ដែលច្រកនេះ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលគេដឹងថា ជាក្រុមហ៊ុនរបស់លោកអភិបាលរងខេត្ត ជៀម ច័ន្ទសោភ័ណ ដោយឲ្យភរិយាជាអ្នកឈរឈ្មោះ ព្រមទាំងមានអេសប៉េមួយយ៉ាងពិសេសផង សម្រាប់រត់ការ និងបើកផ្លូវមុននឹងទំនិញចេញម្តងៗ ដើម្បីឲ្យការងារនេះ ប្រកបដោយភាពរលូន។
រាល់បញ្ហានេះ បើទោះបីជាកន្លងមក លោក ប៉ែន ស៊ីថា ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ធ្លាប់បានអះអាងថា ក្រុមហ៊ុននេះ ពិតជាមានច្បាប់ត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មានប្រភពជាច្រើនទៀត បានលើកឡើងចំៗថា វាជារឿងមិនប្រក្រតីរួចទៅហើយ សម្រាប់ការនាំចេញសត្វមាន់ តាមច្រករបៀងនៅពេលយប់ ឬរំលងអធ្រាត្របែបនេះនោះ ព្រោះវាជាការត្រូវដង ត្រូវផ្លែជាមួយនឹងអង្គភាពពាក់ព័ន្ធ ឬក៏កម្លាំងប៉ុស្តិ៍ ដែលមានកម្លាំងសឹករងនៅអែបជាមួយផងនោះ ទើបសត្វមាន់ដែលសម្ងំនៅក្នុងរថយន្តយីឌុប បានសេចក្តីសុខ និងអាចបោលឆ្លងខ្សែបន្ទាត់ព្រំដែនបានយ៉ាងហាយបែបនេះ បើទោះបីជាសត្វមាន់ថៃទាំងនេះ គ្មានប៉ាស្ព័រក៏ដោយ៕
មតិយោបល់