ភ្នំពេញ: ប្អូនរបស់តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ Post News ថា ពិធីខួបកំណើតដែលបានធ្វើឡើងនោះ គឺធ្វើនៅចុងកម្មវិធីមង្គលការរបស់មន្ត្រីធំ ម្នាក់នៅចេនឡា បន្ទាប់ពីមានការស្រុះស្រួលពីសំណាក់តារាសិល្បៈ និងមិត្តរួមអាជីពមួយចំនួន ដែលបានចូលរួមក្នុងមង្គលការឲ្យលោក អាន គុណកូឡា។
លោកថាតារាចម្រៀង អាន គុណកូឡា មិនបានដឹងមុនពីគម្រោងឲ្យលោកផ្លុំទានសម្រាប់ថ្ងៃខួបកំណើតនោះទេ ហើយពិធីផ្ដល់នំខួបកំណើត ក៏ត្រូវធ្វើឡើងនៅម៉ោង១០យប់ ពេលចុងកម្មវិធីមង្គលការផងដែរ។
យ៉ាងណាមិញ លោកទទួលស្គាល់ថានំខួបកំណើតនោះ គឺកញ្ញាដួង ម៉ានិច ដែលជាតារាសម្ដែងបានត្រៀមមុននោះ ដោយគ្រាន់តែមិនហ៊ានរំខានមង្គលការរបស់ម្ចាស់កម្មពិធី ហើយក៏សម្រេចរៀបប្រគល់ឲ្យតារាចម្រៀងលោកអាន គុណកូឡា នៅពេលកម្មវិធីជិតអស់ភ្ញៀវប៉ុណ្ណោះ។ លោកនិយាយថា «យប់មិញហ្នឹង ដោយសារកូឡាគាត់ដល់ថ្ងៃខួបកំណើត ហើយម៉ានិច និងពួកយើងបានជួបគាត់ក្នុងមង្គលការហ្នឹងដោយចៃដន្យ អញ្ចឹងក៏សម្រេចធ្វើខួបកំណើតឲ្យគាត់ ដោយអញ្ជើញlលោក ហ៊ុន ម៉ាណែត ដែលបានចូលរួមនៅក្នុងពិធីមង្គលនោះ ឲ្យចូលរួមជូនពរថ្ងៃខួបដល់ អាន គុណកូឡា តែម្ដង!»។
លោកថាពិធីកាត់នំខ្នាតតូច ដែលបានធ្វើឡើងនោះ បានធ្វើឲ្យលោកអាន គុណកូឡា សប្បាយចិត្ត ហើយក៏ជាកិត្តិយសផងដែរ ដែលលោកហ៊ុន ម៉ាណែត បានផ្ដល់កិត្តិយសឲ្យក្រុមតារានៅក្នុងយប់នោះ ក្នុងការធ្វើខួបកំណើតឲ្យតារារួមអាជីព។ លោកថាក្រោយធ្វើពិធីខួបកំណើតខ្នាតតូចឲ្យលោកអាន គុណកូឡា គឺមិនមានពិធីជួបជប់បន្ថែមនៅយប់នោះទេ។
លោកថា លោកអាន គុណកូឡា បានប្រាប់លោកថាខ្លួនមិនធ្វើពិធីខួបកំណើតសម្រាប់ថ្ងៃពិសេសរបស់ខ្លួនទេ ដោយសារតែរវល់ច្រើន។ ក្នុងនោះសូម្បីតែការជួបជុំជប់លៀងជាទ្រង់ទ្រាយអ្នកសិល្បៈជិតស្និទ្ធិក៏មិនត្រូវបានរៀបចំផងដែរ។
កញ្ញា ដួង ម៉ានិច ដែលជាអ្នកផ្ដើមឲ្យមានពិធីកាត់នំនោះ មិនទាន់សុំការបញ្ជាក់បានទេ ប៉ុន្តែគេឃើញកញ្ញាធ្វើពិធីភ្ញាក់ផ្អើលបែបនេះឲ្យតារាសិល្បៈច្រើនមកហើយដូចជាអ្នកស្រីឌី សាវ៉េតជាដើម។ កញ្ញាធ្លាប់បានបញ្ជាក់ថា ការចាត់ចែងរបស់ខ្លួនគឺចង់បានតែមួយគត់គឺមិត្តភាព និងភាពសប្បាយរីករាយដល់ម្ចាស់ខួបកំណើត៕
មតិយោបល់