ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផឹកស៊ីក្លែមសម្ដីក្លាយជាហិង្សា! កូនមេប៉េអឹមស្រុកសំបូរ វាយអ្នកកាសែត២នាក់ របួសធ្ងន់

ក្រចេះ៖ កូនលោក អ៊ុ មុន្នីរិត មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំបូរ បានផឹកស៊ី រួចប្រើអំពើហិង្សាលើអ្នកយកព័ត៌មានពីររូប កាលពីម៉ោង៨ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតុងម៉ិន ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ករណីផឹកស៊ីបង្កកាអុកឡុករំខានដល់ប្រជាពលរដ្ឋក្នុងភូមិ និងប្រើអំពើហិង្សាបង្ករបួសស្នាមទៅលើឈ្មោះ នួន រ៉ាន បណ្ដាលឲ្យសន្លប់ស្ដូលស្ដឹង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ អ៊ុ មុន្នីនិត ត្រូវជាកូនលោក អ៊ុ មុន្នីរិត មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំបូរ បានមកអង្គុយផឹកស្រាស្រវឹង នៅចំណុចភូមិឃុំខាងលើ ហើយបានស្រែកឡូឡា ដើរសំដៅទៅក្រោមផ្ទះវាយតប់ទៅបុរសឈ្មោះ គិន ប៊ុនសួន និងឈ្មោះ នួន រ៉ាន ភ្នាក់ងារកាសែតបញ្ញាវន្ដ័ខ្មែរ បណ្តាលរងរបួស។

សាក្សីនៅកន្លែងកើតហេតុ បានឃើញហេតុការណ៍ បន្តឲ្យដឹងថា ជនបង្កឈ្មោះ អ៊ុ មុន្នីនិត បានដើរមកក្បែរអង្រឹងឈ្មោះ គិន ប៊ុតសួន រួចចាប់ទាញដៃវាយយកៗតែម្ដង ដោយឈ្មោះ សួន មានការរើបម្រាស់រត់រួចឡើងផ្ទះប្រជាពលរដ្ឋក្បែរនោះ ទើបឈ្មោះ អ៊ុ មុន្នីនិត បន្តទៅវាយបុរសម្នាក់ទៀត ឈ្មោះ នួន រ៉ាន ជាមិត្តរបស់ឈ្មោះ សួន វាយអូសចេញទៅលើដងផ្លូវនៅមុខផ្ទះត្រង់កន្លែងកើតហេតុ។ ឈ្មោះ អ៊ុ មុន្នីនិត បានបន្តវាយឈ្មោះ នួន រ៉ាន រហូតលើកដៃសំពះជាច្រើនដង នៅតែមិនឈប់ លុះស្ថានភាពមានមនុស្សមកច្រើន ឃើញហេតុការណ៍មិនស្រួល ឈ្មោះ អ៊ុ មុន្នីរិត ជាឪពុកបង្កើតរបស់ជនបង្កថា ដឹកឈ្មោះ នួន រ៉ាន យកទៅពេទ្យ ចំណែកជនបង្កជាកូនឈ្មោះ អ៊ុ មុន្នីនិត បានគេចចេញពីកន្លែងកើតហេតុតែម្ដង។

លុះមួយសន្ទុះក្រោយមក មានកម្លាំងសមត្តកិច្ចចម្រុះបានចុះមកដល់កន្លែងកើតហេតុ តែពេលនោះឈ្មោះ អ៊ុ មុន្នីនិត ជាជនបង្កបានជិះម៉ូតូកាន់ពូថៅមកម្ដងទៀត ក៏ត្រូវបានកម្លាំងប៉ូលិសឃើញទាន់ចាប់ដាក់ឡានយកទៅ។

គួរជម្រាបថា អំពើហិង្សានេះ ជនបង្កមានឈ្មោះ អ៊ុ មុន្នីនិត ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះ បញ្ចាក់ប្រាប់ថា ជាប៉េអឹមក្លែងក្លាយ អត់ពេញសិទ្ធិទេ គ្រាន់តែឪពុកជាមេបញ្ជាការប៉េអឹមស្រុក ហើយយកជនដៃដល់នេះ មកដាក់ឲ្យយចាំប្រម៉ាញ់ប្រដេញ និងជំរិតទារប្រាក់ពីឈ្មួញដែលរកស៊ីដឹកឈើ ឬបទល្មើសផ្សេងៗ៕

photo_2016-05-22_16-22-27 photo_2016-05-22_16-22-30 photo_2016-05-22_16-22-33 photo_2016-05-22_16-22-38 photo_2016-05-22_16-22-41

មតិយោបល់