ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការអានសៀវភៅច្រើន ធ្វើឱ្យមានការយល់ដឹង ពីបញ្ហាសង្គម

ត្បូងឃ្មុំ: តាមការស្រាវជ្រាវបានឱ្យដឹងថា អានសៀវភៅច្រើនធ្វើឱ្យមានការយល់ដឹងពីបញ្ហាសង្គមនិងចំណេះដឹងទូទៅ ។
អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមលោក ចាយ បូរិន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ បានអំពាវនាវនិងជំរុញឱ្យមានការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មាតា បីតាសិស្ស និងជួយណែនាំដល់កូនចៅ ដោយយកពេលទំនេរ មកអានសៀវភៅនៅទីនេះ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹង ដើម្បីឱ្យក្លាយខ្លួនទៅជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត។
ក្រោយពីបញ្ចប់ការថ្វាយបង្គំ សំណេះសំណាល សួរសុខទុក្ខ ជាមួយព្រះសង្ឃ គណ:កម្មាធិការវត្ត ដូនជី តាជី ដែលអញ្ជើញមកពីវត្តទាំង២៥ នៃស្រុកអូរាំងឪ និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហេង សំរិនចក និងមន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក នៅវត្តជ្រួល ភូមិជ្រួល ឃំុចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ អ្នកតំណាងរាស្រ្តរូបនេះក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះចៅអធិការ គណ:កម្មាធិការ ពុទ្ធបរិស័ទ្ធ ជុំវិញវត្តជ្រួល ដែលបានរួមគ្នា កសាងបានបណ្ណាល័យ ស្អាតធំទូលាយ ដើម្បីជាប្រយោជន៍កូនខ្មែរតរៀងទៅផងដែរ។ បន្ថែមលើសនោះលោក ចាយ បូរិន ក៏បាននាំយកសៀវភៅអានចំនួន ៩២ មុខ សរុបចំនួន ២ ៤១៤ ក្បាល ទៅប្រគេន និងដំកល់ទុកជាប្រយោជន៍សាធារណ: ដែលក្នុងនោះដំកល់ទុកនៅក្នុងបណ្ណាល័យវត្តជ្រួលសៀវភៅអានចំនួន ៩១ ប្រភេទ សរុបចំនួន ១ ៤១៤ ក្បាល និងប្រគេនសៀវភៅក្រមង៉ុយ ដល់វត្តទាំង២៥ នៃស្រុកអូរាំងឪ ដែលមួយវត្តៗទទួលបានសៀវភៅ ៤០ក្បាល ជូនវិទ្យាល័យ ហេង សំរិនចក ២៥ ក្បាល និងវិទ្យាល័យអូរាំងឪ ២៥ ក្បាល។ ដោយមានការឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់សហគមន៍ អ្នកតំណាងរាស្ត្រក៏បានប្រគេន ផ្តល់អណ្តូងទឹកស្អាតដល់ព្រះសង្ឃ និងប្រជាជនក្នុងភូមិជ្រួលមួយផងដែរ៕

មតិយោបល់