ភ្នំពេញៈ បើទោះជាបានផ្ដល់សម្ភាសន៍ឲ្យPostnews មុននេះបន្តិចថា ខ្លួនចង់ក្លាយជាពិធីករ និងកាន់តែទទួលបានការងារច្រើនចាប់តាំងពីបានឡើងកូដ ក៏តារាបង្ហាញម៉ូដ និងជាតារាម៉ូដែលលេចធ្លោលោកស្រេង ប៉េងទី ត្រូវគេអះអាងបាត់ខ្លួនពីកម្មវិធីសិល្បៈ ជាពិសេសគឺបាត់មុខពីឆាកទូរទស្សន៍ប្រមាណ២ខែមកហើយ ដោយមិនមានអ្នកណាបានដឹងពីមូលហេតុពិតប្រាកដនោះទេ។ អ្នកខ្លះបានប៉ាន់ស្មានថាលោកមាននារីទ្រព្យស្ដុកដែលធ្លាប់ពាក់ព័ន្ធឃាឃាំងមិនឲ្យចេញមុខ និងខ្លះថាលោកកំពុងសម្ងំបាត់មុខដើម្បីបើកជំនួញផ្ទាល់ខ្លួន។ ឆ្លើយតបនឹងបញ្ហានេះ លោកបានទទួលស្គាល់ថាខ្លួនពិតជាបានបាត់មុខពីការងារសិល្បៈប្រមាណជា២ខែដូចការអះអាងមែន ប៉ុន្តែគឺដោយសារតែមានហេតុផលចាំបាច់ប៉ុណ្ណោះ។
លោកស្រេង ប៉េងទី បានអះអាងថា ហេតុផលដែលលោកមិនព្រមទទួលឡើងឆាក និងទទួលការងារក្នុងរយៈពេល២ខែកន្លងមកនេះ គឺមិនមានដើម្បីផ្គាប់ចិត្តមនុស្សស្រឡាញ់ ឬជាប់រវល់ធ្វើអីនោះទេ។ ប៉ុន្តែហេតុផលសំខាន់គឺ ដោយសារតែលោកមានបញ្ហាសុខភាព និងមានបញ្ហាលើផ្ទៃមុខ ដែលត្រូវការសម្រាកព្យាបាលដោយខានមិនបានប៉ុណ្ណោះ។ លោកថាការប្រឹងប្រែងទទួលការងារយ៉ាងសកម្មមុនថ្ងៃចូលឆ្នាំ បានធ្វើឲ្យលោកមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសគឺប្រតិកម្មលើស្បែកមុខក្នុងពេលចេញថតហាលក្ដៅហាលខ្យល់នោះតែម្ដង។ លោកបានសម្រេចចិត្តបោះចោលលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែគេខលហៅហើយទទួលការងារទាំងនោះមិនបាន។ លោកហៅការសម្រេចចិត្តរបស់ខ្លួនថាជារឿងត្រឹមត្រូវ ដោយសារតែយល់ឃើញថាបើទោះជាប្រឹងដោយមិនគិតពីសុខភាពក៏មិនមានន័យណាមួយ។ លោកនិយាយថា«មួយរយៈហ្នឹងគេហៅការងារច្រើនមែនទែន ប៉ុន្តែទទួលអត់បាន ព្រោះឲ្យទទួលយ៉ាងមិចបើតាំងពីទទួលខ្លាំងពេកមកគឺឈឺរាល់ថ្ងៃហ្នឹង!»។ មកទល់ពេលនេះ លោកថាសភាពជំងឺរបស់លោក និងបញ្ហាស្បែកមុខមានភាពប្រសើរឡើងហើយ ដោយលោកបានអះអាងថានឹងចេញទទួលការងារចាប់ពីដើមខែមិថុនា កុំឲ្យគេឆ្ងល់នោះផង។ លោកនិយាយថា«ប្រមាណជា១ខែមុន ខ្ញុំក្ដៅចេញចំហាយ និងអស់កម្លាំងពិបាកណាស់ ទើបការងារអីក៏ទទួលអត់បាន ហើយឥឡូវក៏មិនទាន់ស្រួលដែរ ប៉ុន្តែប្រសើជាងមុនច្រើនហើយ ទើបដើមខែក្រោយហ្នឹងខ្ញុំទទួលថតរឿងវិញហើយ ព្រោះបើឈឺទៀតក៏អត់បានដែរ ដោយសារតែការងារម៉ូដែលដែលបានកក់ទុកក៏ច្រើន ហើយការងារសិល្បៈផ្សេងក៏ច្រើនត្រូវចេញនៅខែក្រោយហ្នឹង!»។ លោកមានកម្រោងបើកជំនួញផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការងារសិល្បៈ ប៉ុន្តែលោកថាមិនទាន់ចង់បង្ហើបនោះទេ ដោយសារតែចង់ឲ្យការងារចេញនោះអាចសិនរូបរាងសិនទើបប្រកាសបើកចំហរ។ លោកថាខ្លួននឹងទទួលយកការងារពិធីករនៅតាមកម្មវិធីតូចធំ លើឆាកទូរទស្សន៍ និងទទួលដើរម៉ូដឲ្យបានសកម្មភាព បន្ទាប់ពីបានសម្ងំថែទាំសុខភាពអស់មួយសន្លប់ធំ ព្រមជាមួយនឹងការចេញសម្ដែងដែលរង់ចាំយ៉ាងរដឹក។
គួរបញ្ជាក់ផងដែរថាលោកស្រេង ប៉េងទី គឺជាតារាដែលបានផ្ដើមចេញពីតារាបង្ហាញម៉ូដ ដោយសកម្មភាពដើរម៉ូដរបស់លោកត្រូវគេឃើញជាប់លាប់នៅកម្មវិធីបន្តផ្ទាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងប៉ុស្ដិ៍លេខ៩។ ក្នុងនោះកម្មវិធីថ្នាក់ជាតិធំៗ គេកម្របាត់មុខតារាវ័យ២៥ឆ្នាំរូបនេះណាស់ ទើបជួយឲ្យលោកទទួលបានការងារសម្ដែង និងឡើងច្រៀងលើឆាកទូរទស្សន៍យ៉ាងសកម្មភាពក្នុងពេលកន្លងមក។ អវត្តមានរបស់លោកក្នុងរយៈពេល២ខែ បានធ្វើឲ្យមានការងឿងឆ្ងល់ពីអ្នកសិល្បៈដូចគ្នា ជាពិសេសពីក្រុមផលិតករដែលទាក់ទងឲ្យលោកឡើងឆាក និងចេញសម្ដែងហើយត្រូវបានលោកបដិសេធ។ លោកស្រេង ប៉េងទី សុំការយោគយល់ក្នុងពេលដែលលោកមិនអាចទទួលការងារ និងបានប្រកាសថា មិនហួសពីដើមខែក្រោយនោះទេ គឺលោកនឹងបង្ហាញមុខឡើងវិញ ដោយបានប្រកាសស្វាគមន៍រាល់ការអញ្ជើញរបស់ផលិតករ និងម្ចាស់កម្មវិធីយ៉ាងពេញទំហឹង ដោយសារតែសុខភាព និងបញ្ហាស្បែកមុខរបស់លោកលែងមានបញ្ហាដូចមួយរយៈមុន៕
មតិយោបល់