ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្លន់ផ្ទះថៅកែលក់ឈើនៅស្រុកអូរាំងឪ យកគ្រឿងអលង្ការយកលុយអស់រាប់ម៉ឺនដុល្លារ

ត្បូងឃ្មុំ: ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយអាវុធវែងខ្លីចំនួន៤ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះថៅកែលក់ឈើនិងគ្រឿងសំណង់ ដោយចាប់ម្ចាស់ផ្ទះចងហើយវាយបំបែកទូរដែក យកលុយអស់៣ម៉ឺនដុល្លារ និង៤០លានរៀល ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត ហើយបាននាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៩ ឧសភា ២០១៦ ស្ថិតនៅក្នុងភូមិស្រែស្ពឺ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចខេត្តត្បូងឃ្មុំបានឲ្យដឹងថា ម្ចាស់ផ្ទះដែលជាជនរងគ្រោះក្នុងករណីប្លន់នេះមានឈ្មោះ ស្រ៊៏ សុផល ជាប្តីនិងប្រពន្ធឈ្មោះ ស៊ុយ វាននី រស់នៅក្នុងភូមិកើតហេតុ។

សមត្ថកិច្ចបានយោងតាមសម្ដីជនរងគ្រោះដែលជាម្ចាស់ផ្ទះបានឲ្យដឹងថា ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី៣ដើម បានសម្រុកចូលធ្វើសកម្មភាពប្លន់ ដោយយកខ្សែលួសចាប់ចងម្ចាស់ផ្ទះប្រុសៗ៤នាក់ ចំណែកស្រីៗ២នាក់ទៀតចោរមិនបានចងទេ ហើយក្រុមចោរបានប្រើកន្ត្រៃ និងញញួរធំ កាត់សោរនិងវាយបំបែកទូរដែក យកលុយអស់៣ម៉ឺនដុល្លារ និង៤០លានរៀល ព្រមទាំងគ្រឿងអលង្ការ ទ្រព្យសម្បត្តិមានតម្លៃមួយចំនួនទៀត ហើយក្រុមចោរបាននាំគ្នាគេចខ្លួនបាត់តែម្ដង។

លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី៣០ឧសភានេះ លោកបានដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យ ស្រាវជ្រាវ នៅកន្លែងកើតហេតុ ដើម្បីរកភស្តុតាង ឈានដល់ចាប់ខ្លួនក្រុមចោរទាំងនោះ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍ស្វែងរកចាប់ខ្លួនក្រុមចោរប្រដាប់អាវុធទាំងនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ដែលមើលទៅគួរឲ្យសង្ស័យផងដែរ តែលទ្ធផលជាយ៉ាងណានោះនៅល្ងាចថ្ងៃទី៣០ឧសភានេះ គឺសមត្ថកិច្ចកំពុងតែសួរនាំនៅឡើយ ហើយក៏មានពន្លឺខ្លះៗហើយផងដែរ៕

photo_2016-05-30_17-08-36photo_2016-05-30_17-13-36photo_2016-05-30_17-13-12photo_2016-05-30_17-13-02 photo_2016-05-30_17-13-07 photo_2016-05-30_17-13-41

មតិយោបល់