ភ្នំពេញៈ នៅទីបំផុត ហេតុផលដែលបេក្ខនារី The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា មិនព្រមបកស្រាយបទចម្រៀងជាភាសាខ្មែរ គឺមិនត្រឹមតែធ្វើឲ្យមានការរិះគន់ក្នុងស្រទាប់មហាជនប៉ុណ្ណោះទេ។ ប៉ុន្តែជំហរមិនទាន់ច្រៀងបទខ្មែររបស់នាង ក៏បានរសើបដល់អ្នកនយោបាយ និងថ្នាក់ដឹកនាំផងដែរ។ អ៊ីចឹងទើបគេកំពុងចាំមើលថា តើនាងនឹងបន្តច្រៀងបទបរទេសបែបនេះក្នុងការបង្ហាញខ្លួនលើកក្រោយ ឬប្ដូរជំហរច្រៀងបទខ្មែរ ដើម្បីបន្សាបការរិះគន់ដែលកាន់តែរសើបនាពេលនេះ។
ក្រៅពីធ្វើឲ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ខកចិត្ត ដោយសារតែនាងនៅតែបន្តច្រៀងបទបរទេសនៅសប្ដាហ៍ទី៣ កាលពីសប្ដាហ៍មុន សម្រែកទាមទាររបស់អ្នករិះគន់ក៏កាន់តែវាយសំពងជាមួយនឹងជំហរមិនទាន់ច្រៀងបទខ្មែររបស់នាងនោះផង។ ក្នុងចំណោមនោះ គេក៏ឃើញប្រធានគណបក្សមួយ ក៏បានលូកមាត់លើករណីរបស់នាងផងដែរ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានទទូចឲ្យនាងផ្លាស់ប្ដូរសមត្ថភាពពីធម្មតាជាតិរបស់នាង ដើម្បីឲ្យនាងបកស្រាយបទខ្មែរ ឲ្យស្របនឹងការចង់បានរបស់អ្នកគាំទ្រ។ ក្នុងនោះ មន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក៏ឃើញមានការបញ្ចេញមតិ ពាក់ព័ន្ធនឹងជំហររបស់នាងដែលមិនទាន់ច្រៀងបទខ្មែរនាពេលនេះ។
មហាជនភាគច្រើន បានកត់សម្គាល់ថា រ៉េត ស៊ូហ្សាណា គឺជាបេក្ខនារី The Voice Cambodia ទី១ ដែលធ្វើឲ្យរសើបដល់ថា្នក់ដឹកនាំ និងស្រទាប់មហាជន ដោយមានទាំងការរិះគន់ និងការសរសេរកើតឡើងព្រមគ្នាយ៉ាងកម្រ បើធៀបនឹងបេក្ខជនបេក្ខនារីជាច្រើនទៀត បានចូលខ្លួននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះ៕
មតិយោបល់