ភ្នំពេញៈ វិស័យអប់រំឯកជនបានដើរតួនាទីយ៉ាងសំខាន់ លើការពង្រីងគុណភាព ឧត្តមភាពតាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរក្នុងតំបន់ និងពិភពលោក ហើយពួកគេលែងមានក្តីបារម្មណ៍លើការចំណាយខ្ពស់ និងការធ្វើដំណើរឆ្ងាយ ដើម្បីទៅសិក្សានៅបរទេសទៀតហើយ អាចរៀននៅក្នុងស្រុក នឹងអាចទទួលសញ្ញាបត្រពីអាមេរិកាំងទៀតផង។
តាមរយៈការចុះកិច្ចព្រមព្រៀងគ្នា (MOU) រវាងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) ជាមួយសាកលវិទ្យាល័យ ហ្វតហេ សហរដ្ឋអាមេរិក (FHSU) និស្សិតកម្ពុជាមានលទ្ធភាពរៀននៅ AUPP អាចទទួលបានសញ្ញាបត្រពីសហរដ្ឋអាមេរិក ខណៈពួកគេសិក្សានៅក្នុងប្រទេសកម្ពុជា ដោយពុំចំណាយទៅរៀននៅសហរដ្ឋអាមេរិក។
លោកស្រីសាស្រ្តាចារ្យបណ្ឌិត Mirta Maartin សាកលវិទ្យាធិការ FHSU បានមានប្រសាសន៍នៅថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៦ថា នេះជាលើកទី១ហើយ ដែលនិស្សិតកម្ពុជាអាចទទួលបានសញ្ញាបត្រ២ក្នុងពេលតែមួយ តាមរយៈការសិក្សាទាំងស្រុងនៅកម្ពុជា គឺផ្តល់ដោយ AUPP និង FHSU ពោលក្រោយបញ្ចប់ការសិក្សាដោយជោគជ័យក្នុងកម្មវិធីសិក្សា៤ឆ្នាំរបស់ខ្លួននៅ AUPP នឹងទទួលបានសញ្ញាបត្រ២ក្នុងពេលតែមួយ។
លោកស្រី Mirta Maartin ថា កិច្ចព្រមព្រៀង AUPP និង FHSU នេះដែរ ក៏អនុញ្ញាតិឲ្យនិស្សិត AUPP ទៅបន្តការសិក្សានៅសាកលវិទ្យាល័យនៅ FHSU នៅសហរដ្ឋអាមេរិកមួយ ឬពីឆមាស។ “ពួកយើង ក៏រីករាយនឹងធ្វើការរួមគ្នា ដើម្បីមានលទ្ធភាពផ្តល់ដល់អ្នកដឹកនាំជំនាន់ក្រោយនូវការអប់រំ ដែលល្អបំផុតសម្រាប់ខ្លួនឯង និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឲ្យពួកគេមានចំណេះដឹង និងគតិបណ្ឌិតដើម្បីធ្វើឱ្យពិភពលោកមានវឌ្ឍនភាពជាវិជ្ជមាន”។
សាស្រ្តាចារ្យនៃសាកលវិទ្យាធិការ AUPP លោកបណ្ឌិត Bruce Taylor បានថ្លែងថា នេះជាឱកាសដ៏ល្អមួយទៀតសម្រាប់និស្សិតកម្ពុជា ពង្រីកសមត្ថភាពខ្លួន ដោយគុណភាពជាមួយនិស្សិតនៅលើពិភពលោកកាន់តែច្រើន ពិសេសពីអាមេរិកាំង។ កម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់បំផុត ដែលនឹងចូលរួមចំណែកផ្តល់ដល់កម្ពុជា នូវពលរដ្ឋប្រកបដោយការអប់រំ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ហ្វតហេ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលទទួលបានការទទួលស្គាល់គុណភាពអប់រំនៅសហរដ្ឋអាមេរិក ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សាសហរដ្ឋអាមេរិក (Higher Learning Commission) មានទីតាំងនៅទីក្រុងហេ នៃរដ្ឋកាន់សាស សហរដ្ឋអាមេរិក៕
មតិយោបល់