ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកគ្រូ អ្នកគ្រូ និងសិស្ស នៅស្វាយរលំ បង្ខំចិត្តពាក់ម៉ាស់ចូលរៀន ដោយចំហាយពុលគីមីពីរោងចក្រម៉េងតុង ម៉េងយ៉ាន

កណ្តាល: ទាំងគ្រូទាំងសិស្សនៅសាលាអនុវិទ្យាល័យស្វាយរលំ ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ពួកគាត់កំពុងរងនូវបញ្ហាប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ពីចំហាយក្លិនឈ្ងៀមឈួលដល់ច្រមុះ បណ្តាលឲ្យរមាស់ និងកន្តាស់ ស្ងួតបំពង់ក ហូរទឹកភ្នែក ប្រឈមនឹងគ្រោះថ្នាក់បំផុតស្ទើរតែដកដង្ហើមលែងរួច។

អ្នកគ្រូមួយរូប បាននិយាយយ៉ាងដូច្នេះថា ចំពោះខ្ញុំជាគ្រូបង្រៀន ពេលខ្លះរងនូវចំហាយ ស្ងួតបំពង់ក ពិបាកដកដង្ហើម ខ្ញុំក៏បង្ខំចិត្តរត់ចេញពីសាលា ប៉ុន្តែអាណិតដល់កូនសិស្សដែលកំពុងរៀនក្នុងមួយថ្នាក់ៗពី៥០ទៅ៦០នាក់ និងតិចបំផុតមួយថ្នាក់៤៥នាក់ មានអ្នកខ្លះគាត់ពាក់ម៉ាសទ្រាំរៀននៅក្នុងថ្នាក់បាន មួយចំនួនទៀតគាត់មិនចេះពាក់ម៉ាស ថប់ដង្ហើម គាត់ក៏ទ្រាំនៅក្នុងថ្នាក់ជាមួយនឹងក្លិនឈ្ងៀមទាំងនោះជាប្រចាំថ្ងៃទៅហើយ។

លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា រាល់ដំណោះស្រាយតាំងពីថ្នាក់មូលដ្ឋានឃុំ-ស្រុក ជំនាញបរិស្ថានខេត្ត និងក្រសួង ប៉ុន្តែជាលទ្ធផលដដែលជាដដែល។ បានន័យថា ចុះមកបានត្រឹមតែមកពិនិត្យមើល រួចក៏ទៅវិញ សម្រាប់លទ្ធផលលោកគ្រូ អ្នកគ្រូ សិស្ស រួមទាំងប្រជាពលរដ្ឋមានលំនៅស្ថានក្បែរៗ រោងចក្រ ម៉េងតុង ម៉េងយ៉ាន រងផលប៉ះពាល់ពីចំហាយក្លិនជាតិគីមីនេះដដែល។

ទាំងគ្រូៗ ក៏ដូចជាប្រជាពលរដ្ឋទទួល យកគ្រប់ដំណោះស្រាយទាំងអស់ ដោយមិនគិតពីខាងណា ដើម្បីមានដំណោះស្រាយដល់សុខភាពជូនប្រជាពលរដ្ឋ តាមរយ:តម្រូវឲ្យខាងរោងចក្រខាងលើនេះ បញ្ឈប់សកម្មភាពជះក្លិនឈ្ងៀម ដោយជាតិគីមី ប៉ះពាល់មកលើពួកគាត់។

ថ្មីៗកន្លងទៅនេះ ខាងក្រសួងបរិស្ថាន ខាងមន្ទីរ អាជ្ញាធរស្រុក និងជំនាញបានចុះទៅពិនិត្យធ្វើអធិការកិច្ចនៅក្នុងរោងចក្រមួយនេះ ប៉ុន្តែលោកគ្រូ អ្នកគ្រូ បានលើកឡើងថា ពួកខ្ញុំ គ្មានជំនឿចំពោះដំណោះស្រាយ ខណ:ការងារនេះ មានយូរមកហើយ យ៉ាងតិច៥ ទៅ៦ឆ្នាំ ដែលថ្នាក់លើ និងជំនាញប្រើរូបភាពដដែលៗ មកហើយទៅវិញស្ងាត់ឈឹង។ ចំណែកសិស្ស គ្រូៗ ប្រជាពលរដ្ឋទទួលផលប៉ះពាល់ពីក្លិនឈួលដោយជាតិគីមីនេះដដែល។

លោក ស៊ុម សុខម្ភូ អគ្គនាយករងគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារ មានលោក ជា ស៊ីណា ប្រធាននាយកដ្ឋានបរិស្ថាន និងខាងមន្ទីរ បរិស្ថានខេត្ត អាជ្ញាធរស្រុក បរិស្ថានស្រុក ជាមួយនឹងមន្ត្រីជាច្រើនទៀត បានប្រាប់ Post News តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ថា ពិតជាបានដឹកនាំមន្ត្រីជំនាញថ្នាក់នាយកដ្ឋានគាំពារបរិស្ថាន និងមន្ត្រីជាច្រើនទៀត ចុះទៅពិនិត្យនៅរោងចក្រខាងលើនេះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ដោយបំពេញកាតព្វកិច្ចពិនិត្យមើលរាល់វិធានការកន្លងទៅ ដែលក្រសួងកំណត់ឲ្យខាងរោងចក្រ ថាតើគាត់បានអនុវត្តបានប៉ុន្មាន?

លោកអគ្គនាយករង ស៊ុម សុខម្ភូ បានបន្តថា ជាក់ស្តែងលោកពិនិត្យឃើញខាងរោងចក្រ បានបំពាក់ឧបករណ៍កាត់បន្ថយការបញ្ចេញនូវចំហាយឈ្ងៀមនេះបានមួយផ្នែក ប៉ុន្តែខាងរោងចក្រ មិនទាន់បានបំពេញតាមបច្ចេកទេសណែនាំត្រឹមត្រូវពីក្រសួងនៅឡើយទេ។ ដូច្នេះក្រុមការងារក្រសួង នឹងតម្រូវឲ្យគាត់រៀបចំរាល់បច្ចេកទេសជាបណ្តោះអាសន្ន ការពារការសាយភាយជាតិគីមី ដោយការផលិតរបស់ខ្លួន ប៉ះពាល់ផ្លូវដង្ហើមដល់គ្រូៗ សិស្ស និងប្រជាពលរដ្ឋ ដូចជាករណីឲ្យគាត់ដាក់សំណាញ់ ស្បៃ ពីរទៅបីជាន់ ទប់បញ្ជៀសក្លិន និងឲ្យគាត់បំពេញបច្ចេកទេសបន្ថែម។ ក្នុងនោះ ក្រសួងបានឲ្យរោងចក្របំពេញយ៉ាងយូរបំផុតត្រឹមថ្ងៃច័ន្ទ សប្តាហ៍ក្រោយ ត្រូវឆ្លើបតបពីការងារ ដោយមានក្រុមបច្ចេកទេសវិស្វករត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគ្រូ អ្នកគ្រូ សិស្ស ប្រជាពលរដ្ឋថា ចុះបើខាងរោងចក្រ មិនបានបំពេញតាមលក្ខខណ្ឌក្រសួងកំណត់ តើឈានដល់ការបិទអាជីវកម្មដែរឬទេ? លោក ស៊ុម សុខម្ភូ បានបញ្ជាក់ថា ជាធម្មតា គេមិនអាចធ្វើការងាររបៀបជប់ឲ្យលឿនបានទេ ក្នុងពីរទៅបីថ្ងៃនោះ ហើយបើខាងរោងចក្រមិនបំពេញតាមការណែនាំ ការបិទអាជីវកម្មមិនបាន ជារឿងងាយស្រួលទេ គឺត្រូវការសិក្សា ពិនិត្យឲ្យអស់លទ្ធភាព ទើបសម្រេចបានក្នុងកម្រិតណានោះ។

ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស បានលើកឡើងថា ស្របពេលប្រទេសមានច្បាប់ មិនគួរណាពួកគាត់នៅតាមមូលដ្ឋានប្រឈមគ្រោះថ្នាក់បែបនេះទេ គួរណាស់តែអាជ្ញាធរជំនាញពាក់ព័ន្ធរកដំណោះស្រាយណាមួយជូនពួកគាត់ ផ្ទុយទៅវិញ បែរជាទុកឲ្យការងារនេះ អូសបន្លាយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ពួកគាត់ទទួលស្គាល់ និងគាំទ្រពីការវិនិយោគរបស់ក្រុមហ៊ុនបាន និងកំពុងស្រូបកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរ មានការងារធ្វើ ប៉ុន្តែការធ្វើអាជីវកម្ម ក៏ត្រូវបំពេញកាតព្វកិច្ចដោយអនុលោមទៅតាមផ្លូវច្បាប់ផងដែរ។

អភិបាលរងខេត្តកណ្ដាល លោក ជាវ តាយ បានប្រាប់សារព័ត៌មាន Post News នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះថា “ប្រសិនបើអាជ្ញាធរ ឬមន្ត្រីជំនាញរកឃើញថា ករណីរោងចក្រ ម៉េងតុង ម៉េងយ៉ាន បានធ្វើឲ្យសាយភាយក្លិនឈ្ងៀមជាតិគីមីបង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋមែននោះ យើងនឹងឲ្យខាងរោងចក្រកែប្រែបរិស្ថាន ប្រសិនបើមិនមានការកែប្រែ យើងនឹងឲ្យគាត់ផ្អាកអាជីវកម្ម”។ ប៉ុន្តែលោក ជាវ តាយ បានរម្លេចថា បញ្ហានេះ មានការឆ្លងកាត់ច្រើនដំណាក់កាល ចាប់ពីស្រុកមកខេត្ត រហូតដល់រដ្ឋបាល រួចបញ្ជូនទៅអភិបាលខេត្ត ឬចាត់បន្តទៅមន្ទីរជំនាញ ទើបសម្រេចលទ្ធផលពេលក្រោយ។

លោកគ្រូ អ្នកគ្រូ និយាយថា រាល់ដំណោះស្រាយកន្លងទៅ គ្មានប្រយោជន៍ពួកគាត់ និងសិស្ស ធ្លាប់នាំគ្នាតវ៉ាជាមួយខាងរោងចក្រ និងមិនចូលរៀន មិនបង្រៀន ប្រយោជន៍ស្វែងរកដំណោះស្រាយ ប៉ុន្តែជាលទ្ធផល អាជ្ញាធរ ជំនាញ នៅតែបន្តឲ្យខាងរោងចក្រដំណើរការចង្វាក់ផលិតកម្មររបស់ខ្លួន ជាមួយនឹងការភាយសាយក្លិនគីមីឈួល ប៉ះពាល់ផ្លូវដង្ហើមដដែល។ ម្យ៉ាងទៀត ដោយសិស្សថ្នាក់ទី៩ គាត់ត្រូវរៀនឲ្យបានពេញម៉ោងសម្រាប់ពេលប្រឡង លោកគ្រូ អ្នកគ្រូ ក៏មិនរំខានដល់ពួកគាត់មកតវ៉ាខាតពេលរៀនសូត្រនោះទេ។ ដូច្នេះទាំងគ្រូ និងសិស្ស បានត្រឹមតែបង្ខំចិត្តបិទម៉ាសចូលសាលាបង្រៀន និងរៀននៅក្នុងថ្នាក់៕

photo_2016-06-04_11-13-03

photo_2016-06-04_11-13-05

photo_2016-06-04_11-13-07

photo_2016-06-04_11-13-09

មតិយោបល់