ព័ត៌មានជាតិ

Update៖ ម៉ាស្តារបើកឆ្លងផ្លូវ ទៅបុកម៉ូតូ រួចជ្រុលឡើងសួនច្បារ បន្តទៅបុករបងដែកបាក់ធ្លុះ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗ បង្កដោយរថយន្តស៊េរីទំនើបម៉ាស្តា បើកបោះពួយឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូស្តុបពីបើកច្រាសទិសគ្នា បណ្តាលឲ្យផ្លោងខ្ទាតរបួស២នាក់ ហើយរថយន្តមិនទាន់អស់ល្បឿន អ្នកបើកបរស្លន់ពេកជាន់ហ្គាបន្ថែម ទើបហោះឡើងខឿនសួនច្បារ បុកដើមឈើ ដើមស្លា និងបន្តទៅបុកទម្លុះរបងដែក គាបជាប់ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវហាណូយ មុខនាយកដ្ឋានកសិកម្ម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកម៉ាស្តារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-8146 បើកឆ្លងកាត់ទទឹកផ្លូវហាណូយ ពីកើតទៅលិច ល្បឿនលឿន តែមិនដឹងមកពីមូលហេតុអ្វីក៏ ជ្រុលទៅបុកម៉ូតូ ម៉ាកស្កុបពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IH-5545 ជិះគ្នា៣នាក់ ទិសដៅពីជើងទៅត្បូង ចំពីមុខម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ហើយរថយន្ត ហោះឡើងខឿន សួនច្បារ លឿនស្លេវ បុកកាត់សួន បាក់ដើមឈើ ដើមស្លា បាក់រាប រប៉ាត់រប៉ាយ ខ្ទេច ហើយហួសទៅបុកទម្លុះរបងចម្រឹងែក គាបជាប់ រថយន្តខ្ទេចផ្នែកខាងមុខ របួសធ្ងន់អ្នកបើកបរ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះខាងម៉ូតូ២នាក់ ខាងរថយន្តបង្កម្នាក់ សរុប៣នាក់ត្រូវបាន រថយន្តគ្លីនិកឯកជនដឹកយកទៅ ។ ចំណែកសម្ភារ: មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចចុះទៅពិនិត្យយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់