ឧត្តរមានជ័យៈ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើពិធីប្រគល់ផ្ទះ១ខ្នង ជូនដល់អតីតយុទ្ធជន និងចែកអំណោយដល់បងប្អូនជាជនពិការ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត រួមទាំងអស់លោក ជាក្រុមការងារ ស អ ក ខេត្ត ស្រុកបានប្រគល់ផ្ទះ ១ខ្នង ទំហំ៤.៥គុណ៦.៥ម៉ែត្រ ជូនជនពិការ ឈ្មោះ ហួយ ម៉ាប់ ។
ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនជនពិការ សរុប៥២នាក់ ចែកអំណោយ ម្នាក់ មី១កេះ និងថវិកា២ម៉ឺនរៀល។ ដោយឡែកម្ចាស់ផ្ទះ បានអំណោយបន្ថែម មី១កេះ អង្ករ១ការ៉ុងធំ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ និងថវិកា ចំនួន១៥០.០០០រៀល៕






មតិយោបល់