សៀមរាបៈ នគរបាលខេត្តសៀមរាបដោយមានការឯកភាពពីអាជ្ញាធរខេត្ត បានបង្កើតស្នាក់ការនគរបាល (Police Box)មួយកន្លែង ដើម្បីបំពេញការងារបន្ថែម ក្នុងកិច្ចការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងបរិវេណ ផាប់ស្ទ្រីត ដោយមានការចាត់តាំងមន្ត្រីនគរបាលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដោយមានប្រព័ន្ធទូរសព្ទ័ចាំទទួលសេចក្តីរាយការណ៍ ព្រមទាំងមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីធ្វើការអង្កេតត្រួតពិនិត្យជាប្រចាំនៅបរិវេណ ផាប់ស្ទ្រីតទាំងមូល។
ស្នាក់ការនេះ គឺបានរួមចំណែកក្នុងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរ ជាតិអន្តរជាតិ និងបណ្ដាអាជីវករ អ្នកប្រកបរបរនៅបរិវេណ ផាប់ស្ទ្រីត (Pub-Street) ផ្សារចាស់ ផ្សារាត្រី ក្នុងក្រុង សៀមរាប បន្ថែម ។
គោលបំណងនៃការរៀបចំបង្កើតស្នាក់ការនគរបាល (Police Box) ដែលមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនេះបន្ថែមពីលើ កម្លាំងការពារតាមគោលដៅចំហ និងកម្លាំងការពារចល័តនៅបរិវេណ ផាប់ស្ទ្រីត (Pub-Street)នេះ គឺដើម្បីបង្កើននូវប្រសិទ្ធិភាពក្នុងការពង្រីកពង្រឹងសមត្ថភាពនៃការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកំសាន្តនៅខេត្តសៀមរាប ជាពិសេស តំបន់ ផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី រួមនិងកិច្ចការរក្សាការពារ ជូនបងប្អូន អាជីវករ ប្រតិបត្តិករទេសចរ អ្នកប្រកបរបរនានានៅតំបន់នេះផងដែរ៕




មតិយោបល់