ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់ជិះម៉ូតូបុកគូថរថយន្តពីក្រោយស្លាប់

កំពង់ធំ: បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគេសង្ស័យថា ជនរងគ្រោះបានជិះម៉ូតូបុកគូទរថយន្តពីក្រោយ ខណ:ពេលដែលមន្ត្រីចរាចរណ៍ក្រសួងមហាផ្ទៃបានដាក់បារ៉ាស់ហៅរថយន្តបង្កឲ្យឈប់ ដើម្បីត្រួតពិនិត្យ ហើយបុរសរងគ្រោះបានជិះម៉ូតូមកពីក្រោយរួចក៏វាក់អ៊ឺបុករថយន្តនោះតែម្ដង នៅក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃនោះបានដកបារ៉ាស់ចាកចេញទៅអស់។

ហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោង៥ និង០៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំនុច ភូមិព្រៃភ្លូ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ព្រហ្ម ពុទ្ធោ អាយុ៣៨ឆ្នាំ រស់នៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកម៉ូតូ ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F-1177 បុករថយន្ដម៉ាក HINO ពីក្រោយ ក្បាលបៃតង ទ្រុងពណ៌ស ស្លាកលេខ ភ្នំពេញ 3A-7014 បើកបរដោយឈ្មោះ ឆោម ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបន្តថា មូលហេតុរថយន្ដឈប់រង់ចាំត្រួតពិនិត្យនៅលើដងផ្លូវ ដោយមានបើកភ្លើងសញ្ញោ តែបុរសរងគ្រោះបានបើកម៉ូតូមកបុកពីក្រោយ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក។

ក្រោយពីកើតហេតុសមត្ថកិច្ចបានប្រមូលភស្ដុតាង ម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការស្រុកសន្ទុក ដើម្បីចាត់វិធានការតាមច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃដែលធ្វើការត្រួតពិនិត្យចរាចរណ៍នេះ ក្រោយពីកើតហេតុមានមនុស្សស្លាប់រួចមកបាននាំគ្នាដកបារ៉ាស់ ដាក់ឡើងឡានគេចអស់រលើងគ្មានសល់ នេះគឺជាលើកទី៣ ហើយដែលក្រុមនគរបាលចរាចរណ៍ទាំងនេះបានគេចវែសយករួចខ្លួន៕

photo_2016-06-04_13-50-45

photo_2016-06-04_13-50-47

photo_2016-06-04_13-50-50

មតិយោបល់