ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថា តារាសម្ដែងភេទទី៣ លោក ម៉ាដូណា បានប្រកាសលក់ហាង២ក្នុងពេលតែមួយយ៉ាងតក់ក្រហល់ ខណៈដែលមុខរបរនេះ ធ្វើឲ្យលោកជោគជ័យយូរឆ្នាំមកហើយ។ ព្រមជាមួយគ្នានឹងមានតារាម្នាក់ បង្ហោះថា លោកលក់ហាង ដោយគ្មានស្រណោះ ព្រោះតែចង់យកលុយជួយប្រុស ឡើងផ្អើលហ្វេសប៊ុកនោះផង ទើបធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ។ យ៉ាងណាក៏ដោយ លោកបានចេញមុខស្រាយបំភ្លឺ បន្ទាប់ពីដំណឹងថា លោកលក់ហាងយកលុយ ត្រូវបានគេចែកចាយកាន់តែទូលំទូលាយ។
ថ្លែងប្រាប់ Post News ក្រោយពីមានការភ្ញាក់ផ្អើលលើករណីខាងលើ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ាដូណា បានសារភាពថា កន្លងមក លោកពិតជាធ្លាប់ជំពប់នឹងរឿងប្រុសបោក ដោយមានទាំងអ្នកដែលលោកស្រឡាញ់ខ្លះ លួចយកទាំងរបស់មានតម្លៃរបស់លោករត់បាត់ ធ្វើឲ្យលោកឈឺក្បាលប្រាកដមែន។ ប៉ុន្តែសម្រាប់ការប្រកាសលក់ហាងចំនួន២ គឺហាងកាត់សក់ និងហាងលក់ខោអាវ ស្ថិតក្នុងហាងតែមួយនៅម្ដុំសន្ធរម៉ុក តាមរយៈហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ លោកថា មិនមានពាក់ព័ន្ធនឹងរឿងចាញ់បោកប្រុស ឬដើម្បីយកលុយជួយប្រុស ដូចគេលើកឡើងឡើយ។ លោកថា ការដែលនាំឲ្យមានការយល់ឃើញបែបនោះ គឺដោយសារតែមានតារាសម្ដែងមួយចំនួន ចំអកឲ្យលោកថា បង្ខំចិត្តលក់ហាង បន្ទាប់ពីត្រូវប្រុសបោក និងខ្លះថា បង្ខំចិត្តលក់ ព្រោះតែចង់យកលុយជួយប្រុស ហើយត្រូវគេចែកចាយសំណេរចំអកបែបលែងសើចនោះប៉ុណ្ណោះ ទើបបណ្ដាលឲ្យមានការយល់ច្រលំ។
ហេតុផលដែលលោកសម្រេចចិត្តសេងហាងទាំងពីរ ក្នុងតម្លៃ១ម៉ឺនដុល្លារនោះ ត្រូវបានលោក ម៉ាដូណា អះអាងថា គឺដោយសារតែលោកលែងចង់រកស៊ី និងដោយសារតែលោកក៏មិនមានពេលមើលខុសត្រូវ ហើយចេះតែបណ្ដាលឲ្យចំណូលធ្លាក់ចុះប៉ុណ្ណោះ។ ម្យ៉ាងមកពីលោក ត្រូវមានគម្រោងចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក ចំនួន៣ខែ ដែលមិនអាចនឹងទុកចិត្តអ្នកណាឲ្យមើលខុសត្រូវជំនួសនោះផង ទើបសុខចិត្តលក់ចោល។
លោក បាននិយាយថា «ហាងហ្នឹងរាល់ថ្ងៃអត់ចំណេញទេ ដោយសារខ្ញុំអត់សូវបានមើល ចឹងទើបខ្ញុំសុខចិត្តសេងចោល ម្យ៉ាងខ្ញុំរាល់ថ្ងៃរវល់នឹងសិល្បៈណាស់ ហើយខែ៩ ខ្ញុំត្រូវទៅអាមេរិក៣ខែផង ទើបសុខចិត្តសេងតែ១ម៉ឺនគត់ ដោយគ្រាន់តែអីវ៉ាន់ និងសម្ភារៈក្នុងហាងហ្នឹងអត់រួចខ្លួនផង»។
យ៉ាងណាមិញ ម៉ាដូណា បានបញ្ជាក់ថា មិនខឹងអ្នកចោទថា លោកលក់ហាងយកលុយជួយប្រុស ឬបង្ខំចិត្តលក់ហាង ដើម្បីប្រញាប់ទិញឡានឲ្យប្រុស ដូចអ្វីដែលក្រុមមិត្តភក្រ្តបង្ហោះលេងសើចនោះទេ ដោយសារតែភាពជាក់ស្ដែង គឺលោកលក់ចោល ព្រោះលែងចង់រកស៊ី និងដោយសារតែចង់យកពេលទទួលការងារឲ្យបានខ្លាំងក្លា បន្ទាប់ពីនឿយណាយនឹងការបើកហាងរកស៊ីប៉ុណ្ណោះ៕
មតិយោបល់