ព័ត៌មានជាតិ

ផ្ទះ០១ខ្នង ម្ចាស់មិននៅដោយទៅលេងម្តាយនៅស្រុកមង្គលបូរី មិនបានបិទគុប ឆ្លងចរន្តអគ្គិសនី ឆេះអស់ទាំងស្រុង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ០១ខ្នងម្ចាស់មិននៅរវល់ទៅលេងម្តាយនៅឃុំសឿ ស្រុកមង្គលបូរី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ កើតឡើងនេះ គេសង្កេតឃើញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងកើតហេតុនោះផងដែរ ។

លោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ បានឲ្យដឹងថា៖ ផ្ទះរងនូវគ្រោះអគ្គិភ័យនេះមានទំហំ៤មX​៨ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម ដែលមានម្ចាស់ផ្ទះ ឈ្មោះថា​ វ៉ា​ ហូវ​ ភេទស្រី​ អាយុ​៧៤ឆ្នាំ​ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យបានបញ្ជាក់ថា៖ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ឈ្មោះថា វ៉ាហូវ គាត់បានទៅនៅឯឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះនេះឲ្យកូនប្រុស អាយុ៤៩ឆ្នាំ ឈ្មោះ អឿ សំអាត នៅជាមួយក្មួយប្រុសដែលនៅរៀន ឈ្មោះ នូ ម៉ាណូ ។ នៅថ្ងៃកើតហេតុ ឈ្មោះ អឿ សំអាត មិននៅផ្ទះទេ ដោយទៅ ភូមិសឿ ឃុំសឿ ទៅលេងជាមួយម្តាយ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ​ទុកឲ្យក្មួយប្រុសឈ្មោះ នូ ម៉ាណូ នៅមើលផ្ទះ តែនៅថ្ងៃទី២៤ ខែមីនានេះ ក្មួយឈ្មោះ នូ ម៉ាណូ ក៏មិនបាននៅដែរ ទៅលេងផ្ទះឯភូមិសឿ ហើយបានបិទទ្វារចាក់សោចោល ។ នៅពេលកើតហេតុភ្លាមៗនោះអ្នកជិតខាងមិនបានដឹងទេ លុះដល់ភ្លើងឆាបឆេះពេញក្រមុំទើបដឹងនិងហៅឡានទឹក ពេលឡានទឹកមកទ្វាររបងជាប់សោ ទើបមានការយឺតយ៉ាវ ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះផ្ទះដែលឆាបឆេះនេះ ។ តែទោះជាយ៉ាងណាយើងបានប្រើប្រាស់រថយន្តចំនួន០៣គ្រឿងបាញ់ទឹកពន្លត់ភ្លើងនិងទប់ស្កាត់ភ្លើងមិនឲ្យឆ្លងរាលដាលឆេះផ្ទះអ្នកជិតខាងនោះដែរ ហើយករណីនេះក៏មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះដែរ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ-អគ្គិភ័យ បានបញ្ជាក់ថា៖ ករណីបង្កឲ្យកើតមានអគ្គិភ័យនេះ មកពីម្ចាស់ផ្ទះពេលចេញពីផ្ទះមិនបានបិទគុប បណ្តាលឲ្យទុស្សេឆ្លងចរន្តអគ្គីសនី បើតាមការបំភ្លឺពីឈ្មោះ អឿ សំអាត ត្រូវជាកូនម្ចាស់ផ្ទះ បានបញ្ជាក់ថា ក្រៅតែពីភ្លើងបានឆេះផ្ទះមានទំហំ៤មX​៨ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម មានសម្ភារៈទុកនៅក្នុងផ្ទះដូចប្រាក់បាត​ ១ម៉ឺនបាត,ម៉ូតូ​ សេរីឆ្នាំ​ ២០២១​ ០១គ្រឿង,បន្តោងខ្សែកប្លាទីន​ តម្លៃ​ ៣ពាន់បាត,ប្លង់ដី​ និងឯកសារសម្រាប់បង់ធនាគារមួយចំនួ​នទៀត ត្រូវភ្លើងឆេះអស់ ។

ទាក់ទិននឹងមានអគ្គីភ័យនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ មុនពេលចេញទៅណាមកណា ត្រូវបិទគុបភ្លើងនិងពិនិត្យមើលភ្លើងចង្រ្កានជាមុនសិន ព្រោះបច្ចុប្បន្ននេះ យើងកំពុងតែរងគ្រោះដោយសារជំងឺកូវីដ១៩ កុំឲ្យមានគ្រោះមហន្តរាយផ្សេងៗទៀត ពិសេសគ្រោះអគ្គីភ័យនេះ៕

មតិយោបល់