ថៃៈ ពលករខ្មែរស្លាប់៦នាក់ របួសធ្ងន់ស្រាលជាង២០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមីស៊ុប៊ីស៊ីថៃដឹកពលករខ្មែរបើកក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងក្រឡាប់ធ្លាក់ទឹកកាលពីវេលាម៉ោង២ទៀបភ្លឺព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ។
ប្រភពពីប្រទេសថៃបានឲ្យដឹងជំហ៊ានដំបូងថា នៅកន្លែងកើតហេតុនោះ គឺរថយន្តបុកបង្គោលភ្លើងរួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករស្លាប់៦នាក់ ស្រី៣នៅនិងកន្លែង ហើយមានពលកររបួសធ្ងន់ស្រាល២៤នាក់ផ្សេងទៀត។
ប្រភពបន្តថា នៅកន្លែងកើតហេតុពិតជាគួឲ្យសង្វែកមែនទែន ដោយពលករមួយចំនួន ត្រូវរថយន្តសង្កត់ជាប់នៅក្នុងទឹកលើកដៃឡើងឲ្យជួយ ហើយមួយចំនួន ត្រូវក្រុមសង្រ្គោះមកពីស្រុកវ៉ាត់ថាណាណាក់ខន និងស្រុកអារញ្ញ រួមជាមួយអ្នកស្រុកជួយផង ហើយនៅតែជួយមិនបានទៀត ព្រោះរថយន្តសង្កត់ជាប់។
ក្រុមអ្នករងរបួស១២នាក់ ស្រី៥នាក់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុ រីឯ១២នាក់ទៀតស្រី៦នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញ។ ពលករម្នាក់ឈ្មោះ សុខ ភាព ភេទប្រុស អាយុ៣០ឆ្នាំមកពីខេត្តពោធិ៍សាត់ប្រាប់សមត្ថកិច្ចថៃថា ពួកខ្លួនទើបឡើងរថយន្តកើតហេតុនេះ ចេញពីផ្សាររុងក្លឿ ហើយដោយសារពេលកំពុងធ្វើដំណើរមានរថយន្តសមត្ថកិច្ចថៃតាមពីក្រោយអ្នកបើកបរក៏បន្ថែមល្បឿន ទើបជ្រុលទៅបុកបង្គោលភ្លើងបែបនេះ។
យ៉ាងណាក៏ដោយករណីខាងលើ post news មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃ និងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននៅឡើយទេនៅព្រឹកនេះ៕
មតិយោបល់