ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្ពុជា បញ្ជូនកម្លាំងអាវុធហត្ថ៧៣នាក់ ទៅរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

ភ្នំពេញ: កម្លាំងកងរាជអាវុធចំនួន៧៣នាក់ ដែលក្នុងនោះ មាននារីចំនួន១០នាក់ ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេទទួលបានការបណ្តុះបណ្តាល និងធ្វើតេស្តសមត្ថភាពអស់រយ:ពេល៥ខែរួចហើយនោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា កម្លាំងកងរាជអាវុធហត្ថ ដែលត្រូវទៅបំពេញបេសកម្មនេះ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ដើម្បីជាមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ។ លោកថា ការទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងនេះ វាបានរួមចំណែកក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សានូវសន្តិភាពស្ថេរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងនោះដែរ លោកបានផ្តាំផ្ញើដល់កងកម្លាំងកម្ពុជា ដែលទៅចូលរួមបេសកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទាំងអស់ ត្រូវគោរពវិន័យក្រមសីលធម៌ និងបង្កើនចំណេះផ្នែកភាសាបរទេសផងដែរ។

ឧត្តមសេនីយ៍ឯក គួច ផេងទាន់ អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណង់សង្រ្គាម ក៏បានឲ្យដឹងដែរថា កងកម្លាំងដែលត្រូវបញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូងនេះ បាននាំទៅជាមួយនូវសម្ភារ: យោធបរិក្ខារ គ្រឿងបន្លាស់សម្រាប់បំពេញបន្ថែមលើសម្ភារ:ដែលមានស្រាប់នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលអាចធានារយ:ពេលបាន១ឆ្នាំ។

គួរបញ្ជាក់ថា កម្ពុជា បានបញ្ចូនកម្លាំងចំនួនជាង៣០០០នាក់ហើយ ទៅបំពេញបេសកកម្មដើម្បីរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួន រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋឆាដ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងប្រទេសម៉ាលី ដោយផ្តោតលើជំនាញបោស សម្អាតមីន តម្រួតយោធា ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទះជាដើម។ ក្នុងឆ្នាំ២០១៦នេះ កម្លាំងដែលបំពេញបេសកកម្មចំនួន៨៨៨នាក់ ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល៕

12222

15522544

មតិយោបល់