ភ្នំពេញៈ សេចក្ដីរាយការណ៍បានឲ្យដឹងថា ត្រឹមតែរយៈពេល១ម៉ោងប៉ុណ្ណោះ ទីក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទឹកដីតំបន់ទេសចរណ៍កេរ្តិ៍ដំណែលអង្គរវត្ត បានលង់លិចយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះយ៉ាងខ្លាំង។
ប្រជាពលរដ្ឋក្រុងសៀមរាប បានរាយការណ៍ឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៣៖៣០នាទី រហូតដល់ម៉ោង៤៖៣០នាទីរសៀល មានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឲ្យជន់លិចទីក្រុង ជាពិសេសនៅតាមបណ្ដោយផ្លូវស៊ីវុត្ថា ផ្លូវផាប់ស្ត្រីត ផ្លូវផ្សារចាស់ និងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុបភោជនីយដ្ឋានទន្លេសាប។ ពលរដ្ឋអះអាងថា ករណីទឹកជន់លិចទីក្រុងទេសចរណ៍មួយនេះ បណ្ដាលមកពីបញ្ហាបណ្ដាញប្រព័ន្ធរំដោះទឹកនៅក្នុងក្រុង មិនត្រូវបានដាក់ដំណើរការប្រើប្រាស់។
ជាមួយគ្នានេះ ពលរដ្ឋបានលើកឡើងថា សៀបរាប ជាទីក្រុងទេសចរណ៍កេរ្តិ៍ដំណែលពីដូនតា ដែលបានរកចំណូលជូនជាតិយ៉ាងច្រើន ត្រូវបានជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំ មិនដែលខានឡើយ។ លើសពីនេះ ពលរដ្ឋបានដាក់ការសង្ស័យផងដែរថា ក្រោយពេលប្រទេសកូរ៉េ បានសាងសង់ស្ថានីយរំដោះទឹកមួយ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សម្រាប់ឲ្យប្រើប្រាស់ហើយ ហេតុអ្វីអាជ្ញាធរមិនដាក់ឲ្យដំណើរការបានប្រើប្រាស់ឡើង ដើម្បីធ្វើការរំដោះទឹកជំនន់? ពួកគាត់ថា នេះប្រហែលមកពីការបែងចែកផលប្រយោជន៍គ្នាមិនគ្រប់ ឬមិនស្មើគ្នា ឬយ៉ាងណា?៕
មតិយោបល់