ភ្នំពេញ: ប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញព្រឹត្តិការណ៍បាល់ទាត់ កម្ពុជា-អន្តរជាតិ បាន និងកំពុង ប្រារព្ធឡើងជាហូរហែរ ស្របពេលកីឡាករបាល់ទាត់ជាតិ កំពុងអភិវឌ្ឍន៍សមត្ថភាពខ្លួន និងទទួលបាន នូវជោគជ័យជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ ខណៈប្រជាពលរដ្ឋខ្មែររាប់លាននាក់ ចាប់ផ្តើមរំជើបរំជួលនាំគ្នាគាំទ្រ យ៉ាងផុលផុសផ្លូកទឹកផ្លូកដី គួរជាទីមោនភាពក្រៃលែង។
អាចនិយាយបានថា កម្លាំងចិត្ត នៃកម្លាំងគាំទ្រ អំពីសំណាក់ប្រជាពលរដ្ឋខ្មែរ គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ទូទាំងប្រទេស គឺជាកត្តលិករ ញ៉ាំងស្មារតីកីឡាករកម្ពុជា ក្នុងការប្រកួត ឱ្យខិតខំអស់ទាំងកម្លាំងកាយចិត្ត ដើម្បីដណ្តើមយកជ័យជំនេះ ជូនជាតិមាតុភូមិខ្លួន។
ជាក់ស្តែង ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ AFC Asian Cup UAE 2019 រវាងក្រុមជម្រើសជាតិ កម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ ឆៃនីស-តៃប៉ិ ជាលើកទី២ នៅវេលាម៉ោង៧:០០នាទី ល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានមនុស្សប្រមាណជាង ៦០ម៉ឺននាក់ និងនៅតាមទីរមណីយដ្ឋាន នានា ចំនួនរាប់លាននាក់ផ្សេងទៀត ទូទាំងប្រទេស បានចូលរួមតាមដានទស្សនា និងគាំទ្រ នូវរាល់សកម្មភាពប្រកួតរបស់កីឡាករយើង ទៀតផង។
ប៉ុន្តែទោះយ៉ាងណា ការប្រកួតមានទាំងចាញ់ និងឈ្នះ ឬស្មើគ្នា ទន្ទឹមនឹងនេះ បណ្តាកីឡាករក្រុមជម្រើសជាតិ កម្ពុជា កំពុងត្រូវការចាំបាច់ នូវបទពិសោធន៍បច្ចេកទេសថ្មី បន្ថែមទៀត ពិសេសកម្លាំងចិត្ត នៃកម្លាំងគាំទ្រ អំពីសំណាក់ជនរួមជាតិ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាល់ខ្មែរ ឱ្យមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងពាំនាំទង់ជាតិយើង ទៅដោតបក់រវិចៗ លើឆាកអន្តរជាតិ ផងដែរ៕
មតិយោបល់