ភ្នំពេញៈ ឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូង ក្នុងអំឡុងពេលផ្ដល់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង បានឲ្យដឹងថា របបកម្ពុជាប្រជាធិបតេយ្យ មានគោលការណ៍មួយ គឺកាលណាគេចាប់មេគ្រួសារណាម្នាក់ គឺសមាជិកគ្រួសារទាំងអស់ ក៏ត្រូវតែចាប់ខ្លួនជាមួយគ្នាផងដែរ។ ឌុចថា កូន និងប្រពន្ធរបស់អ្នកទោស ដែលគេចាប់ខ្លួន ក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានទោសដែលត្រូវតែកម្ទេចចោល។
អតីតប្រធានគុកទួលស្លែង ឬមន្ទីរសន្តិសុខ ស-២១ រូបនេះ បន្តទៀតថា ក្មេងៗ ដែលត្រូវបានចាប់ខ្លួនមកជាមួយឪពុកម្តាយ គឺមិនត្រូវបានធ្វើការសួរចម្លើយទេ និងត្រូវបានក្រុមខ្មែរក្រហម កម្ទេចចោលតែម្ដង។ លើសពីនេះទៀត មិនមែនត្រឹមតែជាកូនប្រពន្ធរបស់អ្នកទោសធម្មតាទេ សូម្បីតែប្រពន្ធកូនកម្មាភិបាលជាន់ខ្ពស់ ក៏ត្រូវតែចាប់ខ្លួនដូចគ្នា ឲ្យតែមានសែស្រឡាយក្បត់។ «កុំថាតែកូន ថាច់ ជា ដែលគាត់ធ្វើជារដ្ឋមន្រ្តីរបស់ លន់ នល់។ សូម្បីតែកូនបង វន តួនាទី វន វ៉េត ជាសមាជិកអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេចាប់បង វន បងវិន (ប្រពន្ធរបស់ វន វ៉េត) ក៏ត្រូវគេចាប់ដែរ។ កាលណាបើគេចាប់ឪពុកហើយ គឺគេចាប់កូន និងប្រពន្ធហើយ»។ ឌុច បញ្ជាក់ប្រាប់អង្គជំនុំជម្រះ។
គោលការណ៍នៃការម្ទេចក្រុមគ្រួសាររបស់អ្នកទោសនេះ ត្រូវបាន ឌុច បញ្ជាក់ថា ធ្វើឡើងនៅក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកថា ការចាប់ក្រុមគ្រួសាររបស់អ្នកទោសនេះ គឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេចរបស់ប្រធានគុកទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។ ប្រសិនបើមន្ទីរស-២១ ធ្វើដោយខ្លួនឯង នោះប្រធានមន្ទីរស-២១ អាចកំបុតក។ លោកក៏បានបញ្ជាក់ថា លោកក៏ធ្លាប់មានបទពិសោធន៍ក្នុងការជួយក្មេងៗមួយចំនួនផងដែរ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំង ព្រោះការចិញ្ចឹមក្មេង ត្រូវមានមនោសញ្ចេតនា។
ឆ្លើយសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ ដាល់ លីសាក់ ដែលសួរថា តើមានមូលហេតុអ្វីបានជាគេចាប់ប្រពន្ធកូនរបស់ខ្មាំង? លោក ឌុច បានឆ្លើយថា នេះគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយពីពុទ្ធឱវាទដែលថា ពៀរត្រូវរម្ងាប់ដោយការមិនចងពៀរ គឺគោលការណ៍បក្សកុម្មុយនីស្តកម្ពុជា បំណុលឈាមត្រូវតែសងដោយឈាម។ លោកបានឮជាញឹកញាប់ពីលោក សុន សេន ដែលថា ការកម្ទេចកូនៗរបស់អ្នកទោសចោល ដោយខ្លាចកូនៗទាំងនោះ ធ្វើការសងសឹក និងម្យ៉ាងទៀត ដោយសារតែអង្គការគ្មានបាយឲ្យក្មេងៗនោះហូប។
លោក ឌុច បានឲ្យដឹងទៀតថា លោកបានទទួលការណែនាំពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្រពន្ធរបស់លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជាដើម។ ឌុច បន្តថា ក្រៅពីនោះមាន ការបញ្ជាពីមិត្ត ប៉ង់ និងមិត្ត ឌីន ដែលទទួលបញ្ជាពីថ្នាក់លើឲ្យលោកធ្វើការចាប់ខ្លួនផងដែរ។
អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងទៀតថា ការសម្រិតសម្រាំងកម្មាភិបាលក្នុងរបបខ្មែរក្រហម ជាពិសេសនៅមន្ទីរស-២១ មានការប៉ះពាល់អារម្មណ៍ដល់មនុស្សជាច្រើន ក្នុងនោះ មានទាំងរូបលោកផងដែរ ដែលមានការភ័យខ្លាចត្រូវគេសម្លាប់។ បើតាម ឌុច អ្នកដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់គុកទួលស្លែង គឺមានឈ្មោះថា ជាអ្នកស្លាប់ និងគ្មាននរណាម្នាក់ អាចចេញពីគុកនេះបានឡើយ។ ឌុចថា លោកមិនដែលទទួលបញ្ជាពី នួន ជា ឬពី ប៉ុល ពត ឲ្យទុកជីវិតទៅលើអ្នកទោសជាស្ត្រី និងកុមារនៅមន្ទីរស-២១ នោះទេ។
បើតាមលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកទី២ ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួន ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១២។
លោក នេត ភក្ត្រា ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ២០១៤មក អង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មសាក្សីចំនួន៨៥រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩រូប និងអ្នកជំនាញចំនួន៣រូប សម្រាប់សវនាការចំនួន១៨៩ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទី៥) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។
អង្គជំនុំជម្រះ រំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាង នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧៕
មតិយោបល់