ភ្នំពេញៈ នារីវ័យក្មេង២នាក់ ស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអណោចអធ័ម បន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿង បើកបុករថយន្តព្រូស ហើយបន្តទៅបុកម៉ូតូគុបរបស់នារីរងគ្រោះ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខធនាគារ ស្ថាបនា លីមីតធីត ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អន ពិដោ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ បេ ៩២៤ ផ្លូវលេខ២១១ ភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ អន ស្រីនាង អាយុ២១ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅផូមិជាមួយគ្នា ហើយប្រភពពីសាច់ញាតិបានឲ្យដឹងថា ឪពុកម្ដាយរបស់នាងបានស្លាប់ចោលអស់ហើយ។ នារីទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុប សេ៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 1AH-3577 ។ ចំណែករថយន្តបង្កកុងតឺន័រ ម៉ាក FUSO ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-6503 បើកបរដោយឈ្មោះ អឿន គិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិត្រពាំងទន្ទឹម ឃុំ ពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ រួមដំណើរជាមួយ ឈ្មោះ គីម ង៉ែត ភេទប្រុស អាយុ២៥ឆ្នាំ ជាព្រូរថយន្ត ត្រូវជាបងប្អូនជីដូនមួយជាមួយអ្នកបើកបរ មានស្រុកកំណើតជាមួយគ្នា ។ ដោយឡែក រថយន្តព្រូស មួយគ្រឿងទៀត ពណ៌ទឹកសមុទ្រ មិនចាំស្លាកលេខ ជិះគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្រោយកើតហេតុ បានបើកគេចទៅបាត់។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្ត តូយ៉ូតាព្រូស បើកចេញពីផ្លូវលំមួយ ជាប់ធនាគារស្ថាបនា ហើយបើកឆ្លងផ្លូវពីត្បូងទៅជើង បំណងឆ្ពោះទៅលិច តែរថយន្តបើកដល់ពាក់កណ្តាលផ្លូវ ក៏ជាន់ហ្វ្រាំងឈប់ស្ងៀម ដោយសារមានរថយន្ត ចរាចរណ៍ពីកើតទៅលិចច្រើន ស្របពេលនោះ ម៉ូតូជនរងគ្រោះ បើកពីលិចទៅកើត វៀងពីក្រោយ រថយន្តព្រូស ស្របពេលដែលរថយន្តកុងតឺន័របើកល្បឿនលឿន ពីលិចទៅកើត ជ្រុលទៅបុក កៀរពីក្រោយរថយន្តព្រូសហើយបន្តទៅបុកកិនម៉ូតូ គៀបគល់ពីក្រោមរថយន្ត បណ្តាលឲ្យនារី២នាក់បងប្អូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បើតតាមសម្តីយុវជនជាអ្នកបើកបររថយន្តបង្កវិញបានឲ្យដឹងថា រថយន្តរបស់ខ្លួនបើកបរ នេះ មានបញ្ហាហ្វ្រាំង ហើយកន្លងមកក៏បានរាយការណ៍ប្រាប់ទៅថៅកែ ប្រាប់ទៅមេកាដែរ តែមិនទាន់បានជួសជុល រហូតដល់ថ្ងៃកើតហេតុ ដោយបញ្ហាហ្រ្វាំងមិនជាប់ទើបជ្រុល បុកបែបនេះ។
ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវហៅសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមច្បាប់៕
មតិយោបល់