ភ្នំពេញៈ នៅបន្ទាប់ពីតុលាការសម្រេចឃុំខ្លួនលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា កាលពីព្រលប់ថ្ងៃម្សិលមិញ ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ ចំនួន៤០ម៉ឺនដុល្លារអាមេរិកនោះ នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈគ្រប់គ្រងក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ខូ អិលធីឌី បានប្រកាសដោយអះអាងប្រាប់ដល់ដៃគូរកស៊ី និងសាធារណជនថា ក្រុមហ៊ុនរកស៊ីផ្នែកអចលនទ្រព្យដ៏ល្បីនៅកម្ពុជា មួយនេះ នៅតែដំណើការជាធម្មតា បើទោះជាគ្មានវត្តមានប្រធានក្រុមប្រឹក្សាភិបាលក៏ដោយ។
ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានបញ្ជាក់ថា ក្រោយមានការឃាត់ខ្លួនជាបណ្ដោះអាសន្ន លើប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានធ្វើឲ្យមានការសាកសួរដំណឹងជាច្រើនពីសំណាក់អតិថិជន និងធនាគារជាដៃគូ អំពីស្ថានភាពរបស់ក្រុមហ៊ុន។ ករណីនេះ គណៈគ្រប់គ្រងក្រុមហ៊ុនបានអះអាងយ៉ាងដូច្នេះថា ខ្លួនជាក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធ និងឋានានុក្រមត្រឹមត្រូវ និងច្បាស់លាស់ក្នុងការគ្រប់គ្រង ហើយនៅតែបំពេញការងារជាធម្មតា។ ដូច្នេះ អវត្តមានរបស់ប្រធានក្រុមប្រឹក្សាភិបាល លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា មិនបានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនឡើយ ហើយក្រុមហ៊ុននៅតែគោរពវិធានវិជ្ជាជីវៈ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដ៏ចំណាស់នៅកម្ពុជា និងនៅតែបន្តផ្ដល់សេវាកម្មជាប្រក្រតី។
គួរជម្រាបថា ឧកញ៉ា ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ដែលជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនានេះ ពាក់ព័ន្ធនឹងករណីចេញមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ ចំនួន៤០ម៉ឺនដុល្លារ ទៅឲ្យដើមបណ្ដឹង គឺឧកញ៉ា កាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោកទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរភ្លាមៗ។
ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសភារម្យ នៅវេលាម៉ោង៦ល្ងាច ថ្ងៃដដែល ក៏បានសម្រេចឃុំខ្លួនលោកឧកញ៉ារូបនេះ ជាបណ្តោះអាសន្ន ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ PJ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោក ស៊ឹង ប៊ុណ្ណា ត្រូវបានចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន យោងតាមមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។
ជុំវិញការឃាត់ខ្លួនអគ្គនាយករូបនេះ ត្រូវបានប្រពន្ធរបស់លោក គឺលោកស្រី ស៊ន សុម៉ាលី រៀបរាប់ថា នេះជាការលាបពណ៌ ដែលមានរឿងនៅពីក្រោយខ្នង។ ប្រពន្ធរបស់លោកឧកញ៉ាបានរៀបរាប់ថា “ការកសាងស្នាដៃជាច្រើនរបស់លោក ប៊ុណ្ណា បានបន្សល់ដល់កូនដល់ចៅ ទោះជាជាប់គុគ ក៏យើងព្រមទទួល ព្រោះគ្រប់យ៉ាង គេបានធ្វើរួចហើយ។ ពួកយើងមិនចេះលេងល្បែង បារ បន យើងដឹងតែរក រកមិនទំនេរ តើក្រុមហ៊ុនយើងអាចខាតទៅរួចទេ បើមិនមានរឿងពីក្រោយខ្នង? ការលាបពណ៌ គឺជារឿងគួរឲ្យខ្លាចបំផុត។ ខ្ញុំចង់ប្រាប់ថា ពេលនេះ ខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំមិនមានប្រាក់សល់រាប់រយលានដូចអស់លោកគិតដែរ ផ្ទះសម្តែងរបស់ខ្ញុំ បានបាត់អស់ហើយ ហើយខ្ញុំក៏មិនបន្ទោសអ្នកណាដែរ គឺមកពីភាពល្ងង់ខ្លៅ និងជឿជាក់លើអ្នកដ៏ទៃ ដោយគិតថា គេជាមនុស្សល្អដូចយើង!!!”៕
មតិយោបល់