(ស្ទឹងត្រែង): សមត្ដកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាជនជាតិឡាវម្នាក់នៅព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2016នេះ ក្រោយពីឃាត់ខ្លួនកាលពីវេលាម៉ោង19:30នាទីយប់ថ្ងៃទី25 ខែមីនា ឆ្នាំ2016 ពាក់ព័ន្ធករណីជួញដូគ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីនចំនួន៦ដុំនិងម្សៅមេតំហ្វេតាម៉ីនទឹកកកចំនួន២ដុំធំត្រង់ចំណុចតំបន់ព្រំដែន ក្បែរច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា:ការចុះបង្ក្រាបករណីជួញដូរថ្នាំញៀនខាងលើនេះ ឃាត់ខ្លួនបានជនសង្ស័យជនជាតិឡាវម្នាក់ឈ្មោះ ខាំ សៃញ៉ាវង្សា ភេទប្រុស អាយុ46ឆ្នាំ រស់នៅភូមិចមភិត ស្រុកខាំខេត ខេត្តខាំមួន ប្រទេសឡាវ។
សមត្ថកិច្ចបានបញ្ជាក់ថា:ជនសង្ស័យមានគ្នាពីរនាក់ទៀតប៉ុន្តែបានរត់គេចខ្លួនបាត់ស្រម៉ោល។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ព៌ណស ចំនួន6ដុំធំស្មើ2102.3ក្រាមនិងម្សៅព៌ណសថ្លា(ម៉ាទឹកកក)ចំនួន2ដុំធំស្មើនឹង1961.1ក្រាម ព្រមទាំងរថយន្តគ្រឿងម៉ាក តូយ៉ូតាហៃឡាក់ វីហ្គោ ព៌ណស ពាក់ស្លាកលេខឡាវ 2241។ ការចុះបង្ក្រាបករណីខាងលើនេះ គឺមានការចូលរួមនិងសម្របសម្រួលពីសំណាក់លោកស្រីស៊ុនយឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការសហការជាមួយកម្លាំង BLO ប្រចាំច្រកព្រំដែនខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើតេសព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់។
មតិយោបល់