ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អគ្គិភ័យឆាបឆេះផ្ទះអស់២ខ្នង ខូចខាតទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ

សៀមរាបៈ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នងហើយរាលទៅឆេះផ្ទះមួយទៀតអស់ទាំងស្រុងខូចខាតទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ ហើយករណីនេះសមត្ថកិច្ចថា បណ្តាលមកពីទុស្សេខ្សែភ្លើង។

សមត្ថកិច្ចបាននិយាយថា ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ក្រុមទី០២ ភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះផ្ទះអស់ចំនួន២ខ្នង ១ម្ចាស់ផ្ទះទី១ឈ្មោះ កាន គឹមជួន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមើលក្មេងនៅព្រះវិហារគ្រឹស្ត ។ ផ្ទះទំហំ០៤ម៉ែត្រ គុណ០៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ខូចខាតទាំងស្រុង។ សម្ភារៈដែលបាត់បង់រួមមាន៖ ប្រាក់រៀលចំនួន១៩០,០០០រៀល ទូរទស្សន៍ចំនួន១គ្រឿង និងឯកសារមួយចំនួន។

-ទី២ ម្ចាស់ផ្ទះឈ្មោះ ឈឹម ផល្លា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់។ ផ្ទះទំហំ០៧ម៉ែត្រគុណ០៩ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ប្រក់សង្ក័សី ខូចខាតទាំស្រុង។ សម្ភារៈដែលបាត់បង់រួមមាន ៖ ប្រាក់ដុល្លារចំនួន៣០០០ដុល្លារ,ប្រាក់រៀលចំនួន ១,០០០,០០០រៀល ទូរទស្សន៍ចំនួន០២គ្រឿង ធុងបាស់ចំនួន០១ឈុត និងឯកសារមួយចំនួន។

លោកបានបន្តទៀតថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពីផ្ទះតូចរបស់ម្ចាស់ឈ្មោះ កាន គឹមជួន ហើយបានឆេះឆ្លងទៅផ្ទះធំរបស់ម្ចាស់ឈ្មោះ ឈឹម ផល្លា។ អគ្គិភ័យនេះ បានរលត់ទាំងស្រុងនៅវេលាម៉ោង១២និង១០នាទី។

ករណីនេះសមត្ថកិច្ចបានប្រើប្រាស់កម្លាំងចេញជួយអន្តរាគមន៍ចំនួន២០នាក់និងឡានទឹកចំនួន៤គ្រឿង មានឡាននគរបាល២គ្រឿង និងអាវុធហត្ថ២គ្រឿង៕

មតិយោបល់