ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធខ្លីដោយគ្មានច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្នាននគរបាលខណ្ឌដង្កោ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធខ្លីដោយគ្មានច្បាប់អនុញ្ញាត កាល​ពី​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយាអង្គ ឃុំយាអង្គ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ខដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ដោយមុនពេលឃាត់ខ្លួនគឺកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក បានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតមកដល់ក្បែរផ្ទះសំណាក់ យីហោ សុវណ្ណមុនី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដោយមានសៀតកាំភ្លើងខ្លី១ដើមនៅចង្កេះខាងឆ្វេងចំហៀងខាងមុខ ហើយដោយមានការសង្ស័យកម្លាំងក៏ហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់នោះទេ គឺបានបន្ថែមល្បឿនម៉ូតូជិះឆ្ពោះទៅមុខទៀតដើម្បីគេចខ្លួន។

ដោយឃើញសកម្មភាពបែបនេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក ក៏បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ និងរាយការណ៍ជូនលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោចេញបញ្ជាតាមវិទ្យុទាក់ទងគ្រប់បណ្តាប៉ុស្តិ៍ពួនស្ទាក់ចាប់ជនសង្ស័យ រហូតដល់ផ្លូវលំមួយខ្សែដែលជាផ្លូវទាល់ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ជនសង្ស័យភ័យពេកក៏ឈប់ម៉ូតូចតចោលរត់គេចខ្លួនបានប្រហែល១គីឡូម៉ែត្រ ព្រមទាំងយកកាំភ្លើងខ្លីនោះលាក់ចូលទៅក្នុងស្មៅនិងបន្តដំណើរទៅមុខទៀតក៏ត្រូវសមត្ថកិច្ចដេញតាមទាន់ចាប់ក្របួចជាប់នាំមកយកកាំភ្លើងនោះវិញផងដែរ ។

សមត្ថកិច្ចបន្តទៀតថា វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន កាំភ្លើងខ្លី ១ដើម ម៉ាក K59 លេខ ៤០២៣ បង់១ និងមានគ្រាប់ចំនួន៤ ដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោ​កម៉ូតូចំនួន២ កាតគ្រីម៉ូតូចំនួន ៤សន្លឹក និងទូរស័ព្ទដៃ ម៉ាកណូគាចុចពិល ១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា កាំភ្លើងខ្លី ១ដើម ម៉ាក
K59 លេខ ៤០២៣ បង់១ គ្រាប់៤គ្រាប់នេះ គឺរូបគេបានទិញពីឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរលក់ឈើ មានទីលំនៅភូមិត្រពាំងជូ ឃុំត្រពាំងជូ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ តម្លៃ ៣០០ដុល្លារ ទុកសម្រាប់ការងារខ្លួន។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើកោសល្យវិច្ច័យទៅលើកាំភ្លើងខ្លីរបស់ជនសង្ស័យរួចសន្និដ្ឋានថា ជនសង្ស័យមិនដែលជាប់ពាក់ព័ន្ធទៅនិងករណីប្លន់ ឬបទល្មើសផ្សេងៗអ្វីឡើយ៕

មតិយោបល់