ព័ត៌មានជាតិ

លោកតាវ័យ ៦៥ឆ្នាំ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុនៅលើផ្ទះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មាន​ករណីលោកតាវ័យ ៦៥ឆ្នាំ ម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅលើផ្ទះជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ឡេង សាំង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរទិញលក់គោ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ មានប្រជាពលរដ្ឋ ក្នុងភូមិ បានឃើញជនរងគ្រោះ ជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯង មិនដឹងទៅណាទេ ហើយក៏មិនដឹងថា គាត់ត្រឡប់មកផ្ទះវិញ នៅពេលណាដែរ។

លុះដល់ម៉ោង៣ និង១០នាទី រសៀលថ្ងៃខែឆ្នាំដដែល ចៅស្រីម្នាក់របស់ជនរងគ្រោះ មានអាយុ១៥ឆ្នាំ បានឡើងទៅលើផ្ទះ ដើម្បីយកកាបូបដាក់សំលៀកបំពាក់ ទៅលេងយាយនៅខេត្តកំពង់ស្ពឺ ស្រាប់តែឃើញតាខ្លួន ចង.កដោយក្រម៉ាជាប់ខ្ទោងផ្ទះស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណា។

តាមការឲ្យដឹងពីបុរសម្នាក់ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ បានឲ្យដឹងថា មួយរយៈនេះលោកតា ប្រកបមុខរបរទិញលក់គោ មិនចំណេញចេះតែខាត ហើយមិនដឹងថា មកពីមូលហេតុអ្វី ទើបឪពុកក្មេកគាត់ សម្រេចចិត្តសម្លាប់ខ្លួនបែបនេះ។

ក្រោយកើតហេតុ សាច់ញាតិកូនចៅ បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះពិនិត្យសាកសព បញ្ជាក់ថា សពខាងលើ ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់