ភ្នំពេញៈ ខណៈទីក្រុងភ្នំពេញ ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាកកស្ទះចរាចរណ៍បាន និងកំពុងកើតឡើងមិនឈប់ឈរនោះ រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា និងអនុរដ្ឋមន្ត្រីដែនដីជប៉ុន បានធ្វើការពិភាក្សាមួយដើម្បីស្វែងរកលទ្ធភាពក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធរថយន្តភ្លើងគ្មានមនុស្សបើកនៅរាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយលោក Hideki Miyauchi អនុរដ្ឋមន្ត្រីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណ។
បើតាមហ្វេសប៊ុកក្រសួងសាធារណការ បានឲ្យដឹងនៅមុននេះថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីវិធីបង្កើនល្បឿនការសិក្សា និងការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿន រវាងរាជធានីភ្នំពេញ និងក្រុងបាវិត ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យយានយន្តកម្ពុជា និងការអនុវត្តគម្រោង AGT (ប្រព័ន្ធប្រតិបត្តិការរថភ្លើងគ្មានមនុស្សបើក) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ដោយយល់ឃើញពីសារៈសំខាន់ នៃការលុបបំបាត់ បញ្ហាទឹកស្អុយ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះកម្ពុជា មានគម្រោងមួយ ដែលកំពុងអភិវឌ្ឍន៍ដោយមានការគាំទ្រពីអង្គការ JICA រួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា លោកស្វាគមន៍លោកអនុរដ្ឋមន្ត្រី ក្នុងការបន្តកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលជាទៀងទាត់មួយ ដែលអាចឈានដល់ការសម្រេចបានដោយជោគជ័យ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យនេះ។
លោកអនុរដ្ឋមន្ត្រីជប៉ុន Miyauchi បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងដើម្បីធ្វើឲ្យប្រសើរឡើង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជប៉ុន ដែលបានផ្តល់គាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្ត។ លោកទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពី លោកអនុរដ្ឋមន្ត្រីក្នុងការជួយបង្កើតគោលនយោបាយដឹកជញ្ជូន ផែនការមេ និងការដាក់ឲ្យដំណើរការប្រព័ន្ធកំពង់ផែ EDI ដែលនឹងជួយសម្រួលដល់នីតិវិធី ធ្វើដំណើរចេញចូលកំពង់ផែកម្ពុជា ដែលអនុរដ្ឋមន្ត្រីរូបនេះ ក៏ធ្វើការឆ្លើយតបមកវិញជាវិជ្ជមានតាមសំណើទាំងពីរផងដែរ៕
មតិយោបល់