ព័ត៌មានជាតិ

ករណីកូនប្រសារខឹងឪពុកម្តាយក្មេកពង្រាត់កូនស្រីចេញពីខ្លួនយកសាំងចាក់ដុតផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាបាត់ដំប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃព្រហស្បត្តិ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង៣០នាទី នៅចំណុចក្រុមទី៥ ភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរីខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា (សាំងចាក់ដុតផ្ទះ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ធុយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានយកសាំងចាក់ដុតផ្ទះរបស់ឈ្មោះ ស៊ីវ ទិត្យភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុកក្មេក ឆេះអស់ផ្ទះ ០១ខ្នង ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ឈើប្រក់ស័ង្កសី។ សំភារៈខូចខាតរួមមាន៖​ អង្ករ ៥០គីឡូក្រាម ទូរទស្សន៍២១អ៊ិញ ចំនួន ០១គ្រឿង អំភ្លីធុងបាស់ចំនួន ០១ឈុត និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតត្រូវឆេះអស់។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកសាំងចាក់ដុតផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីនេះគឺដោយសារ កូនប្រសារខឹងឪពុកម្តាយក្មេកពង្រាត់កូនស្រីចេញពីខ្លួន។
បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់