ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបង្ហាញនូវការស្លៀកពាក់ឈុតយោធាពាក់ផ្កាយ៥ នៃកងយុទ្ធពលខេមរភូមិន្ទជាសាធារណៈលើកដំបូងនៅក្នុងឆ្នាំ២០១៦នេះ ក្នុងពិធីអញ្ជើញជាអធិបតី រំលឹកខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ រួមនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រារព្ធឡើងនៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រារព្ធខួបទី៩ នៃទិវាអតីតយុទ្ធជនកម្ពុជា គឺជាការរលឹកដឹងគុណដល់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចតេជោ ក៏បានផ្ញើក្តីនឹករឮក និងសាកសួរសុខទុក្ខដល់កងកម្លាំងគ្រប់ប្រភេទនៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាត្រូវរងការខ្ទេចខ្ទាំនៅក្នុងរបប ប៉ុល ពត ប្រជាពលរដ្ឋខ្មែររងនូវទុក្ខវេទនា ការកាប់សម្លាប់យ៉ាងឃោរឃៅ និងព្រាត់ប្រាសយ៉ាងឈឺចាប់ខ្លោចផ្សាបំផុត។ សម្តេចតេជោបន្តថា ទីណាមានការជិះជាន់ ត្រូវតែមានការតស៊ូ តាមរយៈចលនាតស៊ូរណសិរ្ស២ធ្នូ បងប្អូនអ្នកតស៊ូ បានក្រោកឡើងរំដោះប្រទេសជាតិ បានទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ហើយក្រោយរំដោះប្រទេសបានយើង ត្រូវតស៊ូទប់ទល់យ៉ាងលំបាកនូវការប៉ុនប៉ងដណ្តើមប្រទេសពីពួកខ្មែរក្រហមអស់ជាច្រើនឆ្នាំបន្ថែមទៀត។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ក្នុងរយៈពេល៣៧ឆ្នាំកន្លងទៅនេះ សម្រេចបានសមិទ្ធផលធំជាច្រើន ក្នុងនោះរួមមានការស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ហើយបានជួយជីវភាពរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់ ជាពិសេសការរក្សាបាននូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែនបាន ប្រកាសជាសាធារណៈថា គ្រួសាររបស់សម្តេច នឹងជួយដល់ក្រុមគ្រួសារអតីតយុទ្ធជនមរណភាព១០០សព ក្នុងមួយឆ្នាំ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយ៥០សពក្នុងមួយឆ្នាំផងដែរ។ គ្រួសារសពអតីតយុទ្ធជនមួយសពទទួលបានការឧបត្ថម្ភ ៤លានរៀល។
សម្តេចតេជោ ហ៊ុន សែន បានហៅការផ្តល់របស់សម្តេច គឺជាការជួយដល់អតីតយុទ្ធ ហើយប្រសិនបើបក្សប្រឆាំង បើប្រឆាំងនឹងការជួយនេះ សម្តេចតេជោជឿជាក់ថា បងប្អូនអតីតយុទ្ធជននឹងមិនលើកលែងឲ្យបក្សប្រឆាំងនោះឡើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីអបអរសាទរខួប៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា សប្បុរសជននានា បានចូលរួមផ្តល់ថវិកាជាង១លានដុល្លារ សម្រាប់សាងសង់ផ្ទះ៣៤៥ខ្នង ជូនអតីតយុទ្ធជនដែលមានដីស្រាប់ហើយសម្តេចតេជោបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងបានថ្លែងថា ប្រសិនបើគ្មានការតស៊ូ និងពលីរបស់អតីតយុទ្ធជនទេនោះ សប្បុរសជនទាំងអស់ ក៏គ្មានឱកាសរកស៊ីមានបាននោះឡើយ៕











មតិយោបល់