ភ្នំពេញៈ ក្រោយបញ្ចប់ដំណើរចុះសួរសុខទុក្ខមន្ត្រី និងសកម្មជនជិត២០នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងស្នើសុំទៅក្រសួងមហាផ្ទៃ នូវចំណុចចំនួន២ ដើម្បីធ្វើការកែលម្អស្ថានភាពរស់នៅរបស់មន្ត្រី និងសកម្មជនរបស់បក្ស ដែលកំពុងជាប់ឃុំ។
បើតាមលោក អេង ឆៃអ៊ាង ដែលបានដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះសាកសួរសុខទុក្ខនាព្រឹកនេះ បានឲ្យដឹងថា លោកនឹងស្នើក្រសួងមហាផ្ទៃ ចំនួន២ចំណុច រួមមាន ទី១-សុំឲ្យមានពេទ្យ ដើម្បីពិនិត្យសុខភាព និងទី២-សុំឲ្យមានការបែងចែកបន្ទប់អ្នកជក់បារី និងអ្នកមិនជក់ឲ្យដាច់ដោយឡែក។ ការស្នើនេះ ត្រូវបានលោកបញ្ជាក់ថា ដើម្បីសម្រួលកែលម្អស្ថានភាពរស់នៅរបស់មន្ត្រី និងសកម្មជនរបស់បក្ស ដែលកំពុងជាប់ឃុំឲ្យមានស្ថានភាពប្រសើរឡើង ខណៈដែលមន្ត្រីមួយចំនួនកំពុងមានជំងឺប្រចាំកាយ។
ទោះយ៉ាងណាក៏ដោយ គណបក្សសង្រ្គោះជាតិ តែងតែលើកឡើង និងទទូចគ្រប់ស្ថាប័នអន្តរជាតិ ដើម្បីឲ្យជួយអន្តរាគមន៍ជាមួយរដ្ឋាភិបាល ក្នុងការដោះលែងសកម្មជន និងតំណាងរាស្រ្តតទាំងអស់ ដែលកំពុងជាប់ឃុំឲ្យមានសេរីភាព។ ប៉ុន្តែតាមស្ថានការណ៍បច្ចុប្បន្ន គណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលសភាដែលជាបញ្ហារដ្ឋាភិបាលមិនដឹងពិភាក្សា ឬធ្វើការងារ ដើម្បីពង្រឹងពិភាក្សាវប្បធម៌សន្ទនាយ៉ាងណានោះទេ៕
មតិយោបល់