ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីពន្ធនាគារ បន្ទាប់ពីជាប់ឃុំនៅពន្ធនាគារ PJ បានតែ១៣ថ្ងៃនោះ លោកឧកញ៉ា សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ត្រូវបានតុលាការសម្រេចចេញដីកាឲ្យនៅក្រៅឃុំហើយ នៅម៉ោងប្រមាណជា១១៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា ជនត្រូវចោទឈ្មោះ សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានលោក ឡុង កេសភារម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនមកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់។
យ៉ាងណាមិញ នៅពេលតុលាការកោះហៅមកសាកសួរបន្ថែមនោះ ជនជាប់ចោទ សឹង ប៊ុណ្ណា មិនបានថ្លែងអ្វីទៅកាន់អ្នកសារព័ត៌មានទេ ដោយលោកបង្វែរឲ្យទៅសួរមេធាវីរបស់លោកទៅវិញ។
សូមរំឭកថា ជនត្រូវចោទ សឹង ប៊ុណ្ណា ត្រូវបានលោក ឡុង កេសភារម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) យោងតាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។
ឧកញ៉ា សឹង ប៊ុណ្ណា គឺជាអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប ដែលជាក្រុមហ៊ុនជំនាញខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងករណីចេញមូលប្បទានបត្រ(សែក)គ្មានសាច់ប្រាក់ ចំនួន៤០ម៉ឺនដុល្លារអាមេរិក ទៅឲ្យទៅដើមបណ្ដឹងឈ្មោះ កាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីភ្លាមៗតែម្តង៕
មតិយោបល់