ព័ត៌មានជាតិ

យុវនារីម្នាក់ ឈ្លោះគ្នាជាមួយគូដណ្តឹងតាមទូរស័ព្ទ ជិះម៉ូតូទៅលោតទឹកត្រពាំងសម្លាប់ខ្លួន

ក្រចេះ: នៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីយុវនារីម្នាក់ ឈ្លោះគ្នាជាមួយគូដណ្តឹងតាមទូរស័ព្ទ ជិះម៉ូតូទៅលោតទឹកត្រពាំងសម្លាប់ខ្លួន ត្រង់ចំណុច ក្រុមហ៊ុនសុវណ្ណរាជសី ក្នុងភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

សពជនរងគ្រោះឈ្មោះ ផៃ ស្រួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើអត្តឃាតខ្លួនឯង (លោតទឹកសម្លាប់ខ្លួន) ត្រង់ចំណុចកើតហេតុខាងលើ ។

សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋសានបានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យឃើញថា យុវនារីរូបនេះពិតជាស្លាប់ដោយឈ្លក់ទឹកប្រាកដមែន និងនៅលើដងខ្លួននៃសាកសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ។

តាមការបំភ្លឺរបស់ឪពុកសាកសពជនរងគ្រោះ បានឲ្យដឹងថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃមុននេះ គាត់បានឃើញកូនរបស់គាត់ឈ្មោះ ផៃ ស្រួយ បានឈ្លោះគ្នាជាមួយគូដណ្តឹងតាមទូរស័ព្ទ ។

សាក្សីនៅកន្លែងកើតហេតុ បានឆ្លើយបំភ្លឺថា រូបខ្លួនកំពុងដើរចៀរជ័រកៅស៊ូក្នុងក្រុមហ៊ុន សុវណ្ណរាជសី ក៏បានឃើញយុវនារីរងគ្រោះ បានជិះម៉ូតូមកតែម្នាក់ឯង រួចអង្គុយផឹកស្រាបៀហ្គេនស្បើកអស់ចំនួន២កំប៉ុង រួចបានលោតចូលទៅក្នុងទឹកត្រពាំងនោះតែម្ដង ។

ក្រោយពីធ្វើការពិនិត្យនៅលើសាកសពរួចមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់