(សៀមរាប)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តប្រកាសថា យើងមិនត្រូវអត់អោនឱ្យអ្នកណា ដែលមានគំនិតញុះញង់ អុចអាលបំបែកបំបាក់ ធ្វើឱ្យមានចលាចលជាតិយើងឡើយ យើងមានវប្បធម៌អត់ឱន យើងមានវប្បធម៌សន្តិភាព ប៉ុន្តែយើងមិនអត់ឱ្យជនណាក៏ដោយ ដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅរកភាពអស្ថិរភាពឡើយ។ ថ្លែក្នុងពិធី អង្គរសង្ក្រាន្ត កាលពីព្រឹកមិញនេះ នៅលើទឹកដីអង្គរនៃខេត្តសៀបរាប។
ទន្ទឹមនេះ សម្តេចតេជោ បានបន្ថែមប្រសាសន៍ថា មូលហេតុចំនួន ៥យ៉ាង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានភាពសប្បាយរីករាយ ចូលរួមកម្មវិធីសង្គ្រាន្តឆ្នាំថ្មី បាន គឺដោយសារទី១ បច្ចុប្បន្នសុខសន្តិភាព មានពេញលេញលើផ្ទៃដីនៃប្រទេសកម្ពុជា ដូច្នេះប្រជាពលរដ្ឋ អាចធ្វើដំណើរគ្រប់ទិសទី និងសម្តេចសង្ឃឹមថា ពលរដ្ឋគ្រប់គ្នា នឹងចូលរួមជាមួយសម្តេច ដើម្បីបន្តការពារសុខសន្តិភាពនេះតទៀត។ ទី២ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺយើងមានផ្លូវ មានស្ពានដែលរាជរដ្ឋាភិបាល បាន និងកំពុង ខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ ទី៣ ប្រជាពលរដ្ឋ មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ ព្រោះប្រជាជនមានជីវភាពល្អប្រសើរឡើង។ ទី៤ ប្រជាពលរដ្ឋ មានប្រាក់ចំណូល អាចធ្វើដំណើរកម្សាន្តបានគ្រប់តំបន់ និងទី៥ គឺយើងមានកម្លាំងយុវជនស្ម័គ្រចិត្ត ក្នុងការរៀបចំចាត់តាំង ដោយសារយើងមានធនធានមនុស្សគ្រប់គ្រាន់ ផងដែរ៕
មតិយោបល់