ភ្នំពេញៈ គ្រឿងញៀនប្រមាណជិត២តោន ត្រូវបានអាជ្ញាធរកម្ពុជា ដុតបំផ្លាញចោលនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ។ សារធាតុញៀនរាប់ពាន់គីឡូក្រាមដែលត្រូវបានដុតបំផ្លាញនៅព្រឹកនេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន និងបញ្ជូនទៅតុលាការនាពេលកន្លងមក។
តាមរបាយការណ៍របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឲ្យដឹងថា សារធាតុញៀនដែលត្រូវដុតបំផ្លាញចោលនៅព្រឹកនេះ មានចំនួនសរុបជាង១,៥៦៤គីឡូក្រាម ដែលរួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់៦៧,៤១គីឡូក្រាម ហេរ៉ូអ៊ីន ទម្ងន់៣៤៥,៣២ក្រាម កញ្ឆាស្ងួត ទម្ងន់១៤៩៤,៨៥គីឡូក្រាម និងកញ្ឆាទឹក ទម្ងន់១,៥គីឡូក្រាម។
ការដុតបំផ្លាញចោលនូវសារធាតុញៀនជិត២តោននេះ ត្រូវបានធ្វើឡើងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងក្នុងបរិវេណវិទ្យាល័យបឹងត្របែក ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ត្រូវពិនិត្យយន្តការត្រួតពិនិត្យគ្រឿងញៀន ដែលមានស្រាប់ឲ្យបានដល់មូលដ្ឋានឃុំសង្កាត់ភូមិឃុំ ពិសេសទីតាំងដែលមិនទាន់មានយន្តការ ត្រូវបង្កើតជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនជាពហុវិស័យ ដោយប្រើប្រាស់កម្លាំងសរុបនៅមូលដ្ឋាន ប្រយោជន៍ដើម្បីលើកកម្ពស់សុខមាលភាព សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់បណ្តាប្រទេសដៃគូអភិវឌ្ឍជាមិត្ត អង្គការជាតិ អន្តរជាតិ វិស័យ សាសនា វិស័យឯកជន សូមបន្តគាំទ្រ និងឧបត្ថម្ភដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីឲ្យកម្ពុជា កាន់តែមានលទ្ធភាព និងសមត្ថភាពខ្ពស់ ក្នុងកាប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ធ្វើឲ្យអាស៊ាន និងពិភពលោក ជៀសផុតពីការគំរាមកំហែងដោយសារគ្រឿងញៀន៕
មតិយោបល់