UN ថាមនុស្ស ២៣០,០០០នាក់រត់គេចចេញពីផ្ទះសម្បែង ដោយសារជម្លោះនៅមីយ៉ាន់ម៉ា

 

(យូអិន)៖ ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាមនុស្សជាង ២៣០,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាន ដោយសារតែជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អោង សាន ស៊ូ ជី បានកើតមានឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។

ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង ហើយយោធាក្តោបក្តាប់អំណាចទាំងស្រុងនៅក្នុងដៃ បាតុកម្មតវ៉ាពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា ដែលគាំទ្រលោកស្រី អោង សាន ស៊ូ ជី បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមទីក្រុងធំៗដូចជា ណៃពិដោ ម៉ាន់ដាឡាយ និង រ៉ង់ហ្គូន ជាដើម ដែលជាហេតុនាំឲ្យមានការបង្ក្រាប និងអំពើហិង្សា រួមទាំងការវាយប្រយុទ្ធគ្នាទៅវិញទៅមក គិតមកទល់នឹងពេលនេះ។

បើតាមរបាយការណ៍ពីទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា OCHA ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មនុស្ស ១៧៧,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋការែន (Karen) ជាប់ព្រំដែនប្រទេសថៃ និងជាង ២០,០០០នាក់ទៀត នៅរដ្ឋ ឈីន (China) ជាប់ព្រំដែនឥណ្ឌា បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងក្តៅគគុកបានកើតឡើង រវាងកងកម្លាំងប្រជាជនស្វ័យការពារ (People’s Defence Forces) ជាមួយនឹងយោធាមីយ៉ាន់ម៉ា។

ចំណែកឯ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ទៀត បានរត់ភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋ កាឈីន (Kachin) និង សាន (Shan) ដោយសារតែជម្លោះរវាង កងកម្លាំងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *