ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេច សាយ ឈុំ ជួបសវនការជាមួយនឹងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបធ្វើសវនការជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។

ជំនួបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល នៅវិមានព្រឹទ្ធសភា ហើយក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះលោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលនេះរបស់គណៈប្រតិភូ នឹងរួមចំណែកការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឡាវទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននាំមកនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីប្រធានរដ្ឋ និងលោកស្រី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនសម្តេចប្រធាន ព្រមទាំងសម្តែងនូវការសប្បាយរីក រាយចំពោះការស្វាគមន៍ និងការគាំទ្រយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំរួមគ្នា ដើម្បីកសាងព្រំដែននៃប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រគល់ភារកិច្ចឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់រហ័ស ដើម្បីជាមរតកសម្រាប់ប្រជាជនជំនាន់នេះ និងជំនាន់ក្រោយ។ ក្នុងនោះខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុសច្បាប់តាមព្រំដែន។

នាយករដ្ឋមន្រ្តីឡាវ ក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីការឯកភាពគ្នារវាងរដ្ឋាភិបាលទាំងពីរ ក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មី នៃប្រទេសទាំងពីរ ដែលមានភូមិសាស្រ្តជាប់គ្នារវាងខេត្តចំប៉ាសាក់ និងខេត្តព្រះវិហារ ព្រមទាំងខិតខំជំរុញការកសាងស្ពានទន្លេល្ពៅ។

លោកសង្ឃឹមថា គ្រប់យន្តការទ្វេភាគី ដែលមានរវាងប្រទេសទាំងពីរ នឹងខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បានសម្តែងនូវការគាំទ្រទាំងស្រុងចំពោះចំណុចទាំង ឡាយដែលនាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នា ដែលបានជាឧត្តមប្រយោជន៍យូរអង្វែងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សម្តេច បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវនៅកម្ពុជានាពេលនេះថា មានអត្ថន័យពិសេសស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០(១៩៥៦- ២០១៦) នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ។

សម្តេចវិបុលសេនាភក្តី បានសម្តែងនូវការពេញចិត្តជាអតិបរមា ដោយបានមើលឃើញថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចបានសម្តែងនូវការគាំទ្រចំពោះការងារព្រំដែនប្រទេសទាំងពីរដែលបានធ្វើការពិនិត្យខ្សែព្រំដែននៅលើដីជាក់ស្តែងបាន៨៦% នៅសេសសល់១៤%ទៀតកំពុងដោះស្រាយ។ លទ្ធផលដែលទទួលបានគួរឲ្យមោទនៈនេះ បញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងសុឆន្ទៈមោះមុតយ៉ាង ពិតប្រាកដក្នុងការរកដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេសយើងទាំងពីរ ដើម្បីប្រែក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរតរៀងទៅ។

សម្តេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភាឡាវ ដែលត្រូវបានលើកកម្ពស់ឥតឈប់ឈរ ដោយមានការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការអន្តរសភាអាស៊ាន(AIPA) សហភាពអន្តរសភា(IPU) សមាគមសភាប្រើភាសាបារាំង(APF) ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកលើគ្រប់កម្រិតជាបន្តបន្ទាប់។ ក្នុងនោះ ក្រុមសមា ជិកសភាដែលទទួលបន្ទុកការងារCLV ក៏បានធ្វើការជួបជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ។

សម្តេចបានអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រធានអាស៊ាននៅឆ្នាំ២០១៦។សម្តេចបានជូនពរឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធនៅទីក្រុងវៀងចន្ទខាងមុខប្រព្រឹត្តទៅដោយជោគជ័យ។ សម្តេច ប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរសូមឲ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕

មតិយោបល់