ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា ២នាក់ បើកម៉ូតូបុករថយន្តដឹកដីបត់ឆ្វេងពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៥៥នាទីរសៀល ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ក្នុងភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌ស គ្មានពាក់ផ្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងចូលចាក់ដីក៏ស្រាប់តែមានម៉ូតូមួយគ្រឿងមកបុកចំពីក្រោយ ម៉ូតូនោះម៉ាកស៊ុយស៊ូគីនិច C110 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FJ-4528 បើកបរដោយឈ្មោះ ស៊ុន ស្រីនី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ឌន លីលី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី និងបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់