ភ្នំពេញៈ ក្រោយពីផ្ទុះរឿងមន្ត្រីនគរបាលក្រុងចរាចរក្រុងភ្នំពេញ និងផ្កាយបី ម៉ម ស្រ៊ីមវណ្ណា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ បានប៉ុន្មានម៉ោង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈតាម ផេកហ្វេសប៊ុក ផ្ទាល់ខ្លួនក្នុងន័យបញ្ជាក់ថា មិនមានការដកឋានន្តរស័ក្តិផ្កាយ៣ លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ទេ ពោលគឺគ្រាន់តែដកតួនាទីពីអគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុណ្ណោះ។
យោងតាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយនៅម៉ោង៨និង១៤នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា មុននេះថា៖ “ឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួន ដែលផ្តល់មតិតាម Facebook បន្ទាប់ពីខ្ញុំចាត់វិធានការលើលោកឧត្តមសេនីយ៍ក្នុងរយៈពេលដែលខ្ញុំមិនទាន់ចុះហត្ថលេខាលើឯកសារផ្លូវការ ដែលខ្ញុំសូមធ្វើការកែតម្រូវលើវិធានការដូចខាងក្រោមៈ
១.អនុវត្តន៍វិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រ៊ីម វណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែក្រសួងមហាផ្ទៃអាចលើកសំណើតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសម្រាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនិងមានបន្តទៀត។
២.ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាល ដែលប្រើពាក្យសំដីមិនគប្បីហើយប្រគល់ការងាឲ្យធ្វើឡើងវិញ។
៣.ក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៌ សុជីវធម៌ វិន័យ។ល។ ត្រូវសុភាពរាបសារតែម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់។
៤.ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និង លោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឲ្យជម្លោះកន្លងមក។
៥.អំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាត ចំពោះមន្ត្រីដែលអនុវត្តន៍ច្បាប់ប្រព្រឹត្តមិនគប្បីចំពោះប្រជាពលរដ្ឋ។
ជាមួយគ្នានោះ សម្តេចតេជោបានរំលេចថា ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ នឹងទទួលបានការគាំទ្រ។ ខ្ញុំសម្រាកបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយសាររឿងមួយនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល បានប្រាប់ Post News នៅព្រឹកថ្ងៃ៣០ មិថុនាថា លោក ម៉ម ស្រ៊ីមវណ្ណា ត្រូវបានហៅទៅក្រសួងមហាផ្ទៃ។ ដោយឡែក លោក ម៉ម ស្រ៊ីមវណ្ណា វិញ មិនបានពន្យល់ជុំវិញរឿងនេះទេ ដោយលោកបញ្ជាក់ប្រាប់ Post News ថា កំពុងនៅជាមួយអគ្គធំ។ ជុំវិញរឿងនេះលោក ចេវ ហាក់ ប្រធានការិយាល័យផ្លូវគោករាជធានីភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកលើកឡើងថា កំពុងតែជាប់ប្រជុំ។
បើតាមគណនី Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ ហើយ Facebook នោះបានបញ្ជាក់ថា “ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង” ៕
https://youtu.be/lJkxt2UIBrs
មតិយោបល់