ភ្នំពេញៈ ប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ២ ស្ថិតក្នុងបញ្ជីតាមដានកាលពីឆ្នាំ២០១៥។ ចំណាត់ថ្នាក់លេខ២នេះ គឺសម្រាប់ប្រទេសដែលរដ្ឋាភិបាលរបស់គេមិនបានគោរពតាមបានពេញលេញ ចំពោះបទដ្ឋានអប្បរិមាដូចមានចែងក្នុងច្បាប់ TVPA តែកំពុងមានការខិតខំច្រើនគួរសម ដើម្បីគោរពតាមបទដ្ឋានទាំងនោះ។ នេះបើតាមរបាយការណ៍ ស្ដីពីការជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៦។
លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ឆ្នាំ២០១៦ ស្តីពីការជួញដូរមនុស្ស (Trafficking in Person ឬ TIP) ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ តាមការកំណត់នៃច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA) របាយការណ៍ TIP បានវាយតំលៃរដ្ឋាភិបាលនៅជុំវិញពិភពលោក លើការខិតខំប្រឹងប្រែងរបស់គេ ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។
នៅក្នុងរបាយការណ៍ឆ្នាំនេះ កម្ពុជា បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលការបានឡើងដល់ចំណាត់ថ្នាក់នេះ គឺផ្អែកតាមការខិតខំគួរសមរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំកន្លងទៅ។ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន ៥០០០០០(៥សែន)ដុល្លារអាមេរិក ដល់គណៈកម្មាធិការអន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។
បើតាមរបាយការណ៍ TIP បន្តឲ្យដឹងថា គោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់កំណត់ និងបញ្ជូនជនរងគ្រោះត្រូវបានអនុម័តឡើង ហើយអាជ្ញាធរមូលដ្ឋានបានរកឃើញជនរងគ្រោះចំនួន ៥៨៩នាក់ ដែលជាចំនួនកើនពីចំនួន៣២៦នាក់ កាលពីឆ្នាំទៅ។ របាយការណ៍ឆ្នាំ២០១៦នេះ ក៏បានកត់សម្គាល់ឃើញផងដែរ ពីដំណើរជឿនលឿនរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើសនៃការជួញដូរកម្លាំងពលកម្ម។
របាយការណ៍ TIP ប្រចាំឆ្នាំលើកទី១៦នេះ មានការរៀបរាប់ពីប្រទេស និងទឹកដីចំនួន១៨៨ ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងពិធីប្រកាសបាយការណ៍នេះ លោករដ្ឋមន្រ្តី Kerry ថែមទាំងបានផ្តល់កិត្តិយសដល់វីរៈជនក្នុងរបាយការណ៍ TIP ឆ្នាំ២០១៦ គឺមនុស្សប្រុសស្រី ដែលការខិតខំផ្ទាល់ខ្លួនរបស់គេបានធ្វើឲ្យគេមានស្នាដៃលេចធ្លោ នៅក្នុងការប្រយុទ្ធជាសាកល ប្រឆាំងនឹងទាសភាពសម័យទំនើបនេះ៕
មតិយោបល់