រតនគិរីៈ ក្រោយពីការតាមប្រមាញ់ផ្តិតយករូបភាពរបស់ក្រុមអ្នកសារព័ត៌មានប្រចាំក្នុងខេត្តរតនគិរី រថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ អត់ស្លាកលេខ ហើយឈ្មួញមិនស្គាល់អត្តសញ្ញណដឹកជញ្ជូនឈើប្រណីតពេញចេញពីស្រុកកូនមុំ ឆ្ពោះមកក្រុងបានលុង ត្រូវបាន កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តចាប់បង្ក្រាប នៅត្រង់ចំណុចផ្លូវកែងក្រោយពេទ្យ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង រីឯឈ្មួញបានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិការចាប់បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាញក្រុមសារព័ត៌មានរាយការណ៍ទៅនាយខណ្ឌរដ្ឋបាលខេត្ត ដឹកនាំដោយលោក កែប កត់ ចេញបញ្ជាឲ្យលោក លី សុផាន និងលោក សេង យូ ចុះមកជាបន្ទាន់ដល់កន្លែងកើតហេតុខាងលើហើយរឹបអូសយករថយន្ត និងវត្ថុតាងឈើប្រណីតប្រភេទឈើធ្នុងទៅរក្សាទុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ព្រៃឈើ។
គួរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើក្នុងខេត្តរតនគិរី ឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឥតឈប់ឈរតាមគ្រប់រូបភាព ទោះជាមានការទប់ស្កាត់ ឬបង្ក្រាបយ៉ាងណាពីក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តក៏ដោយឈ្មួញនៅតែមិនចេះរាងចាល នេះដោយសារសមត្ថកិច្ចតាមដងផ្លូវបើកភ្លើងខៀវឲ្យធ្វើចរាចរយ៉ាងរលូនផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រមុខ។ ហើយក្រុមឈ្មួញបានដឹកជញ្ជូនឈើប្រណីតទាំងនេះ មកស្តុកទុកក្នុងក្រុងបានលុង ដែលមានក្រុមឈ្មួញវៀតណាមរង់ចាំទទួលទិញស្រាប់ ហើយដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ និងច្រករបៀងជារៀងរាល់ថ្ងៃ៕
មតិយោបល់