ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពម្នាក់ ជិះឌុបប្រពន្ធកូន មកពីលេងផ្ទះបងប្អូន ត្រូវបានចោរមួយក្រុមធ្វើសកម្មឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់។ ចំណែកឯក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោលដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្តីមានឈ្មោះ សេង វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។
បើតាមសម្តីពីប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ទាំង២នាក់ រួមទាំងកូនប្រុសអាយុ១០ឆ្នាំម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-2473 ចេញមកពីផ្ទះរបស់ប្អូននៅម្តុំវត្តតាំងក្រសាំង ហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំថ្មដា។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះដាក់នៅលើទូកម៉ូតូ តែមិនបានសម្រេចបណ្តាលឲ្យទាក់ចង្កូតម៉ូតូរបស់ជនរងគ្រោះរងរបួស បែកមុខបែកមាត់ រីឯប្រពន្ធនិងកូនជនរងគ្រោះរងរបួសស្រាល។
ភ្លាមៗនោះក្រុមជនសង្ស័យទាំងនោះបានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ហើយនៅក្នុងកាបូបដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសម្រេចខាងលើនោះ គឺមិនមានរបស់មានតម្លៃអ្វីនោះទេ គឺមានតែសៀវភៅមេរៀនរបស់កូនប្រុសរបស់គាត់តែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពសែនជ័យ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិយកឯកសារពាក់ព័ន្ធនិងម៉ូតូមកយកម៉ូតូត្រឡប់ទៅវិញនៅពេលក្រោយ៕
មតិយោបល់