ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ឌុច លីដា ឡើងកាលីបប៉ះអ្នកនាង អម្ពរ ទេវី

ភ្នំពេញៈ ក្នុងចំណោមតារាសម្ដែងស៊េរីថ្មីទាំងអស់ ដែលត្រូវបានជ្រើសរើសឲ្យសម្ដែងក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ប្រហែលមានតែតារាវ័យក្មេងជំនាន់ថ្មី គឺកញ្ញា ឌុច លីដា ម្នាក់ប៉ុណ្ណោះដែលមានវាសនាបានសម្ដែងជាតួជិតស្និទ្ធជាងគេ ជាមួយតារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី។ នេះក៏ជាប្រវត្តិសាស្រ្តរបស់ ឌុច លីដា ផងដែរ ដែលបានសម្ដែងប៉ះជាមួយតារាល្បីជើងចាស់ អម្ពរ ទេវី ដែលតារាជំនាន់ក្រោយរូបណាក៏ចង់សម្ដែងជាមួយ។

អ្នកស្រី ពាន់ ភួងបុប្ផា ផលិតកររឿង «ទឹកចិត្តម្ដាយសម័យថ្មី» អះអាងថា នៅក្នុងរឿងនេះ អ្នកស្រីបានជម្រើសយកតារាសម្ដែងរហូតដល់៤ជំនាន់ ឲ្យសម្ដែងប៉ះគ្នា ដូចជាអ្នកស្រី ឌី សាវ៉េត លោក ទេព រិន្ទដារ៉ូ អ្នកនាង អម្ពរ ទេវី អ្នកនាង ស្វែង សុជាតា អ្នកនាង ស៊ឹម សូលីកា និងតារាជំនាន់ថ្មីដូចជា ឌុច លីដា និង សុខ សោម៉ាវត្តី ជាដើម។ ក្នុងចំណោមតួអង្គ ដែលបានបង្ហាញទាំងអស់ វត្តមានរបស់អ្នកនាង អម្ពរ ទេវី ត្រូវបានមហាជនកត់សម្គាល់ជាងគេ ដោយសារតែអ្នកនាង គឺជាតារាសម្ដែងល្បីឈ្មោះជើងចាស់ ហើយទើបតែបានទទួលថតរឿងជាថ្មី។ ការកត់សម្គាល់ថែមមួយកម្រិតទៀត គឺតួអង្គថ្មីៗ ដែលបានសម្ដែងច្រើនជាងគេជាមួយតារាជើងចាស់រូបនេះ។

អ្នកស្រី ពាន់ ភួងបុប្ផា ថ្លែងប្រាប់ Post News ថា តួថ្មីៗច្រើនរូប ដែលអ្នកស្រីជ្រើសឲ្យសម្ដែងរឿងនេះ គឺមានតែ ឌុច លីដា ម្នាក់ប៉ុណ្ណោះ ដែលសម្ដែងច្រើនជាងគេជាមួយអ្នកនាង អម្ពរ ទេវី ដោយសារតែនាង ត្រូវដើរតួជាកូនស្រីរបស់អ្នកនាងក្នុងរឿង ហើយក៏ជាតួអង្គដែលបង្កើតចំណោទបញ្ហាធ្វើឲ្យអ្នកនាង អម្ពរ ទេវី ពិបាកចិត្ត។ អ្នកស្រីថា អ្នកនាង អម្ពរ ទេវី នៅក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» គឺជាភរិយារបស់លោក ទេព រិន្ទដារ៉ូ និងមានកូនប្រុសស្រី៣នាក់ ហើយអ្នកនាងក៏មានឋានៈជាជំទាវផងដែរ។ ប៉ុន្តែតួអង្គដែលលេងច្រើនជាមួយអ្នកនាង គឺអាចនិយាយថា បានគឺ ឌុច លីដា នេះឯង ដោយសារតែអ្នកទាំងពីរជាម្ដាយ និងកូន។ អ៊ីចឹងហើយទើបមានការកោតសរសើរពីសំណាងរបស់តារាស្រីរូបនេះយ៉ាងខ្លាំង បើទោះមានការទម្លាយថា ឌុច លីដា ដែលមានប្រវត្តិសម្ដែងរឿងធំៗ ជាច្រើនរាប់មិនអស់ បែរជាទៅធ្វើតេស្ដិ៍តួឯកនៅប៉ុស្ដិ៍លេខ៥ បានធ្លាក់បន្តបន្ទាប់។

អ្នកស្រី ពាន់ ភួងបុប្ផា និយាយថា «អម្ពរ ទេវី គាត់ដើរតួជាភរិយាលោក ទេព រិន្ទដារ៉ូ ប៉ុន្តែដោយសាររឿងនឹងយើងឆ្លុះបញ្ចាំងពីទឹកចិត្តម្ដាយ ចឹងតួអង្គលោក រ៉ូ មិនសូវលេងច្រើនទេ ប៉ុន្តែបើជាមួយ ឌុច លីដា ពួកគាត់លេងប៉ះគ្នាច្រើន ដោយសារតែពួកគាត់ជាម្ដាយ និងកូន!»

នេះជាការចាប់អារម្មណ៍មួយថ្មី ដែលពិតជាធ្វើ ឌុច លីដា ឈានឡើងមួយកម្រិត ហើយនាងក៏ប្រហែលជាបានទទួលនូវការចាប់អារម្មណ៍ជាមួយឱកាសនេះផងដែរ បន្ទាប់ពីបានសម្ដែងជាតួអង្គកូនស្រី ដែលមានប្លង់ជាច្រើនក្នុងរឿងប៉ះជាមួយអ្នកនាង អម្ពរ ទេវី ខុសពីតារាថ្មីផ្សេងទៀត ដែលអ្នកខ្លះបានសម្ដែងក្នុងរឿងនេះដែរ ប៉ុន្តែមិនមានប្លង់ប៉ះជាមួយអ្នកនាង អម្ពរ ទេវី ទាល់តែសោះ៕

មតិយោបល់